កម្ពុជាសម្រេចបានទឹកប្រាក់ជិត៦៥០០លានដុល្លារពីការនាំចេញ សម្លៀកបំពាក់

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៨ខែ ឆ្នាំ២០២២នេះ ការនាំចេញ ផលិតផលសម្លៀកបំពាក់របស់កម្ពុជា មានទឹកប្រាក់សរុបចំនួន៦៤៦៧លាន ដុល្លារកើនជាង២៨% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានត្រឹមតែចំនួន៥០២១លានដុល្លារប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់ស្ថាប័នខាងលើនេះបានបង្ហាញឲ្យដឹងកាលពីរសៀលថ្ងៃទី១៩ កញ្ញាថា វិស័យកាត់ដេរសម្លៀកបំពាក់ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ការនាំចេញសម្លៀកបំពាក់ មានចំណែកជាង៤០% នៃការនាំចេញសរុបរបស់កម្ពុជា។

ទន្ទឹមនឹងនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញនូវក្តីបារម្ភ ពីការថមថយនៃការបញ្ជាទិញសម្លៀកបំពាក់ នៅឆមាសទី២ ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកខេន លូ អគ្គលេខាធិការ GMAC បានមានប្រសាសន៍ឲ្យដឹងថា ចាប់តាំងពីខែសីហាមក ការបញ្ជាទិញបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យសមាជិករបស់សមាគមមួយចំនួន បានព្យួរការផលិត។

លោកថា “មូលហេតុនៃការធ្លាក់ចុះ គឺដោយសារទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ដូចជានៅអឺរ៉ុប ជួបស្ថានភាពមិនល្អ និងស្ថានភាពសេដ្ឋកិច្ចក្នុងពិភពលោកមិនទាន់ល្អប្រសើរ”។លោកបន្តថា “ស្របពេលដែលអ្នកបញ្ជាទិញនៅសល់ទំនិញច្រើន និងមិនទាន់បញ្ចេញលក់អស់ បាននាំឱ្យពួកគេកាត់បន្ថយការបញ្ជាទិញនៅរយៈពេលនេះ។ កត្តានេះ អាចនឹងបង្កផលប៉ះពាល់ ដល់ការនាំចេញទំនិញសម្លៀកបំពាក់ នៅឆមាសទី២ឆ្នាំនេះ និងការនាំចេញនៅឆ្នាំក្រោយផងដែរ”។

កាលពីឆមាសទី១ ឆ្នាំ២០២២ ការនាំចេញសម្លៀកបំពាក់បានកើនឡើងជាង៤០% ដែលទីផ្សារនាំចេញចម្បង គឺសហរដ្ឋអាមេរិក បន្ទាប់មកសហភាពអឺរ៉ុប ជប៉ុន អង់គ្លេស និងកាណាដា។

កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញសម្លៀកបំពាក់ពីកម្ពុជាសម្រេច​បានទំហំទឹកប្រាក់សរុប ៨០១៧លាន ដុល្លារកើនឡើង៨.៥៣% បើធៀបឆ្នាំ ២០២០ ដែលមានត្រឹមតែចំនួន៧៣៨៧លានដុល្លារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here