តើប្រទេសកម្ពុជាមានធនធានមនុស្សជាអាកាសយានិកចំនួន ប៉ុន្មាននាក់ ?

ដោយៈ សុផារី

ភ្នំពេញៈ បច្ចុប្បន្ន ប្រទេសកម្ពុជាបានកសាងធនធានមនុស្ស ដែលកម្រើការងារជាអាកាសយានិក (ពីឡុត) សរុបចំនួន៣២នាក់ និង១៨នាក់ទៀត កំពុងសិក្សាជំនាញនេះ ក្នុងនោះមាននារី៣នាក់។

នេះបើតាមការបញ្ជាក់របស់ លោកជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល” ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

លោកជា អូន បានមានប្រសាសន៍ថា “បច្ចុប្បន្ន យើងមានពីឡុតថ្មីដែលកំពុងហោះហើរចំនួន១៦នាក់ និងបុគ្គលិកចាស់ៗ សល់ពីជំនាន់ Royal Cambodge Airline ១៦នាក់។  សរុប ចំនួន៣២នាក់ ទាំងក្មេងទាំងចាស់។ ហើយក៏មាន១៨នាក់ទៀត កំពុងតែសិក្សា និងបញ្ចប់ការសិក្សាជំនាញនេះខ្លះៗហើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជា អូន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការលើកទឹកចិត្ត និងលើកកម្ពស់សមភាពយេនឌ័រ ដោយបានលើកទឹកចិត្តឲ្យមានការចូលរួមពីនារី នៅក្នុងវិស័យអាកាសចរណ៍។ ក្នុងចំណោមយុវជនខ្មែរ ដែលកំពុងសិក្សានិងបម្រើការងារហោះហើរ មាននារីចំនួន៣នាក់ ដែលជាអាកាសយានិក។ ក្រៅពីនេះ ការងារបញ្ជាហោះហើរក៏បាននារីផងដែរ។

លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងថា វិស័យអាកាសចរស៊ីវិល បង្កើតការងារជាង១,៧លាននាក់នៅកម្ពុជា។

លោកឱ្យដឹងថា ចំនួននេះគឺជិតស្មើ២០ភាគរយ នៃទំហំការងារនៅក្នុងប្រទេសកម្ពុជាទាំងមូល។ នេះបើតាមការសិក្សារបស់អង្គការអន្តរជាតិ កាលពីឆ្នាំ២០១៧។ ជាមួយគ្នានេះ វិស័យអាកាសចរស៊ីវិល បានផ្តល់អត្ថប្រយោ​ជន៍ទាំងផ្ទាល់ និងប្រយោលប្រមាណ១៧ភាគរយ នៃ GDP៕

LEAVE A REPLY

Please enter your comment!
Please enter your name here