តើអ្នកជំនាញទេសចរណ៍លើកឡើងដូចម្តេចពីការព្យាករណ៍ឡើងវិញរបស់ភ្ញៀវទេសចរណ៍អន្តរជាតិ

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​កម្ពុជា លោកថោង ខុន​បាន​លើកឡើង​ថា ភ្ញៀវទេសចរ​ក្នុង​តំបន់​អាស៊ាន ពិសេស​ប្រទេស​នៅជាប់​ព្រំដែន នឹង​ដើរតួនាទី​សំខាន់ ​ក្នុង​ការស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ ខណៈ​ភ្ញៀវ​មកពី​ប្រទេស​ឆ្ងាយៗ ​ហាក់​នៅ​មិនទាន់​មាន​ពន្លឺ​ក្តី​រំពឹង​ ដល់​វិស័យ​ទេស​ចរណ៍​កម្ពុជា​នៅឡើយ​។

ការលើក​ឡើង​បែបនេះ​របស់ លោក ថោង ខុនបានធ្វើឡើងកាលពីសប្តាហ៍មុន ដោយលោកបានថ្លែងថា តាម​ការព្យាករ​នៅក្នុង​ឆ្នាំ​ ២០២២ នេះ​កម្ពុជា​ អាចនឹង​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ពី១,៥ ទៅ២លាន​នាក់ ខណៈ​ចាប់ពី​ខែមករា​-​ខែសីហា ឆ្នាំ​២០២២ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា មាន ៩៩៨ ២៧២​នាក់ កើន៧២០ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ប៉ុន្តែ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ គឺ​ថយចុះ -៧៧ ​ភាគរយ​។

យោងតាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍ ក្នុង​ចំណោម​ភ្ញៀវ​ទាំង៩៩៨, ២៧២ ​នាក់​នោះ គឺមាន​មកពី​ប្រទេស​ថៃ៣៤៨, ៦៦០​នាក់ កើន៤៧៧ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ភ្ញៀវ​វៀតណាម២៣៥,៥៤៦ ​នាក់ កើន៣០១៧,៣ ភាគរយ ដោយ​ភ្ញៀវ​ប្រទេស​ទាំង២ គឺ​ស្មើនឹង៥៨,៥​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​សរុប​។

ក្រៅពីនោះ​មានមក​ពី​ប្រទេស​ចិន​ អាមេរិក​ ឥណ្ឌូនេស៊ី​ កូរ៉េខាងត្បូង ម៉ាឡេស៊ី​ បារាំង​ ចក្រភព​អង់គ្លេស និង​ប្រទេស​ឡាវជាដើម​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថោង ខុន បាន​ថ្លែងថា​ ​យោងតាម​ការ​ព្យាករ ចុងក្រោយ​ឆ្នាំ​ ២០២២ នេះ កម្ពុជា​អាចនឹង​ទទួល​បាន ​ទេសចរ​អន្តរជាតិ​ចាប់ពី​១,៥​ លាន​នាក់​ទៅ​២លាន​នាក់​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បានមានប្រសាសន៍ថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្សាន្ត និង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ពិតជា​កើនឡើង ប៉ុន្តែ​នៅមាន​កម្រិត ដោយ​អ្វីៗ​ត្រូវការ​ពេល​បន្ថែម​ទៀត ខណៈ​ស្ថានភាព​វិស័យ​ទេសចរណ៍​ពិភពលោក ​មិនទាន់​ល្អ​នៅឡើយ​។

លោក​បញ្ជាក់ថា ​បច្ចុប្បន្ន​គឺមាន​តែ​ភ្ញៀវ ​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ដែលជា​ក្តី​រំពឹង​ សម្រាប់​វិស័យ​ទេសចរណ៍​យើង ខណៈ​សម្រាប់​ភ្ញៀវ​មកពី​ក្រៅ​តំបន់​នៅមាន​ចំនួន​តិចតួច​បំផុត​។ វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​ទទួលបាន​ផល​វិជ្ជមាន​ពី​ទេសចរណ៍​ក្នុង​តំបន់​។

ទោះយ៉ាងណា លោក​បញ្ជាក់​ថា ដោយសារ​ស្ថានភាព​ពិភពលោក​នៅ​មិនទាន់​ច្បាស់លាស់ ​(​ជំងឺ​កូវីដ​ ១៩ វិបត្តិ​នយោបាយ​សេដ្ឋកិច្ច​)។ ដូច្នេះ​លោក​មិនទាន់​ហ៊ាន​សន្និដ្ឋានថា ភ្ញៀវទេសចរ​អន្តជាតិ​ចូលមក​កម្ពុជា​នឹង​អាច​មាន​ចំនួន​ប៉ុន្មាន​នោះទេ​។

បន្ថែម​លើ​នេះ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់ថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា​បាន​កើន​ឡើងវិញ​ ជា​បន្តបន្ទាប់​ចាប់តាំងពី​រាជរដ្ឋាភិបាល ​ប្រកាស​បើក​ប្រទេស​ឡើងវិញ ​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​ ២០២១​។

លោកស្រី​បន្តថា ក្នុងនាម​ប្រតិបត្តិករ​ទេសចរណ៍​លោកស្រី ​ពិតជា​ចង់ឱ្យ​វិស័យនេះ ​មាន​ដំណើរការ​ល្អ​ឡើងវិញ​ណាស់ ដោយ​នៅពេលនេះ​កម្ពុជា​មាន​ផលិតផល ​ក្នុង​វិស័យ​ទេសចរណ៍​ជាច្រើន​ត្រូវ​បានរៀបចំ និង​កែច្នៃ​ដើម្បី​ត្រៀម​ទទួល​កំណើន​ភ្ញៀវទេសចរ​ពី​គ្រប់​តំបន់​។

លោកស្រី​បញ្ជាក់ថា​ “​ភ្ញៀវ​ក្នុង​តំបន់​បាន​ឈរ​មុខ​គេ ​ក្នុងនាម​ជា​អ្នក​ធ្វើដំណើរ​មក​កម្ពុជា​ច្រើនជាងគេ ពិសេស​មកពី​ប្រទេស​ថៃ និង​វៀតណាម”​។

លោកស្រី​បន្តថា ការទទួល​បាន​ពានរង្វាន់​ផ្នែក​ទេសចរណ៍ ​លំដាប់​អន្តរជាតិ​ជា​បន្តបន្ទាប់ ពិសេស​ពី​ស្ថាប័ន World Tra-vel Awards កាលពី​សប្តាហ៍​មុន នឹង​រួមចំណែក​បន្ថែមទៀត​ ក្នុង​ការផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ ឱ្យបាន​កាន់តែ​ទូលំទូលាយ​ ទៅ​ប្រជាជន​លើ​ពិភពលោក​ឱ្យ​ស្គាល់​ពី​កម្ពុជា​កាន់តែច្រើន​។

ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ITE HCMC 2022 ដែល​រៀបចំ​នៅក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ កាលពី​ថ្ងៃទី​ ៧ ខែកញ្ញា ឆ្នាំ ​២០២២ វិស័យ​ទេសចរណ៍​កម្ពុជា​ ទើប​ទទួលបាន​ពានរង្វាន់​ចំនួន ២ ពី​ស្ថាប័ន World Travel Awards ដោយ​ទី​១ ពានរង្វាន់​គោលដៅ​ទេសចរណ៍​វប្បធម៌​ឈានមុខ​គេ ​ក្នុង​ទ្វីប​អាស៊ី​ឆ្នាំ​ ២០២២ (Asia’s Leading Culture Destination 2022) និង​ទី​២ ពានរង្វាន់​គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ ​ទ្វីបអាស៊ី​ឆ្នាំ​ ២០២២ (Asia’s Leading Youth Travel Destination 2022)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here