មន្ត្រីជំនាញជំរុញអ្នកប្រកបរបរអាជីវកម្មលើវិស័យម្ហូបអាហារអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព

ដោយ: សូរិយា

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចវិស័យម្ហូបអាហារ” ជូនដល់ផលិតករ អាជីវករ ដែលប្រកបរបរអាជីវកម្មលើវិស័យម្ហូបអាហារ នៅទូទាំងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតិភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប និងលោក ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមមកពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តំណាងមន្ទីរជុំវិញរាជធានីភ្នំពេញ ដំណាងរដ្ឋបាលខណ្ឌ និងពាណិជ្ជករដែលប្រកបអាជីវកម្មវិស័យម្ហូបអាហារ ប្រមាណជាង ១០០នាក់។

លោកអភិបាលរង ហួត ហៃ បានណែនាំឱ្យអង្គសិក្ខាសាលាទាំងមូល សូមយកចិត្តទុកដាក់ត្រង់ត្រាប់នូវមាត្រាសំខាន់ៗនៃច្បាប់ ដែលអត្ថាធិប្បាយដោយវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. និងសូមលើកមតិយោបល់ ចោទជាសំនួរ ដើម្បីរួមគ្នាពិភាក្សា និងដោះស្រាយឱ្យបានផុលផុស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប ខិតខំបំពេញភារកិច្ច ចុះស្រាវជ្រាវកំណត់បទល្មើស នៅតាមបណ្តាគោលដៅទីផ្សារនិងឃ្លាំងស្តុកទំនិញ ធ្វើយ៉ាងណាទប់ស្កាត់ ឱ្យបាននូវការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យម្ហូបអាហារ។

លោក ផាន អូន បានមានប្រសាសន៍ថា មិនត្រឹមតែនឹងផ្តល់នូវការយល់ដឹងផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ និងសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់អាចផ្លាស់ប្តូរយោបល់និងបទពិសោធន៍ លើកយកអំពីបញ្ហាប្រឈមនិងសំណូមពរនានា ដើម្បីរួមគ្នាដោះស្រាយ សំដៅជំរុញឱ្យការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ដើម្បីការពារសុខុមាលភាពនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។

អង្គសិក្ខាសាលានេះក៏មានការពិភាក្សាអំពីខ្លឹមសារនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលជាច្បាប់មួយមានសារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិតនៃការលើកកម្ពស់សុខុមាលភាព និងប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាក់ទាញវិនិយោគ ជំរុញប្រសិទ្ធភាពនៃការធ្វើពិពិធកម្មនាំចេញម្ហូបអាហារ និងធានាបាននូវការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ ក្នុងវិស័យផលិតកម្មនិងពាណិជ្ជកម្មម្ហូបអាហារ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទទួលបន្ទុកអនុវត្តការគ្រប់គ្រង និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម។

ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជារៀបចំនូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារចាប់ពីដំណាក់កាលផលិតដំបូង ការកែច្នៃ ការដាក់លក់ រហូតដល់ការប្រើប្រាស់ចុងក្រោយ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្ម ជាជាងការត្រួតពិនិត្យនិងវិភាគលើផលិតផល៕

LEAVE A REPLY

Please enter your comment!
Please enter your name here