អ្នកជំនាញផ្នែកសេដ្ឋកិច្ចជំរុញឱ្យវិស័យឯកជនពង្រឹងការផលិតក្នុង ស្រុកឱ្យបានច្រើន

ដោយៈ សុផារី

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យមានការផលិតក្នុងស្រុកឱ្យបានច្រើន និងកាត់បន្ថយការនាំផលិតផលបរទេស ទើបអាចទប់ស្កាត់នូវផលប៉ះពាល់ ដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ និងសង្គ្រា​មនៅអ៊ុយក្រែន ព្រមទាំងបញ្ហាផ្សេងៗ ដែលយើងមិនអាចមើលដឹងនាពេលខាងមុខ។

ថ្លែងក្នុងពិធីបើកវេទិកាម្ចាស់អាជីវកម្មកម្ពុជាស្តីពី ការប្រឈម និងឱកាសក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ច សកលថ្មី នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២២ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា  បានមានប្រសាសន៍ថា ម្ចាស់ក្រុមហ៊ុនសហគ្រាស និងម្ចាស់អាជីវកម្មលើគ្រប់វិស័យ ត្រូវតែងាកមកពង្រឹង ការផលិតដោយខ្លួនឯងវិញ ដូចជា ម្ហូបអាហារវេចខ្ចប់រួចជាដើម ខណៈបច្ចុប្បន្ននេះ កម្ពុជាយើងនាំចូលស្ទើរតែ៨០ទៅ៩០ភាគរយទៅហើយ។

លោកបណ្ឌិតបន្តថា “ការពង្រឹងការផលិតខ្លួនឯងនេះ មានអត្ថប្រយោ​ជន៍ចំនួន៣ ទី១ រាជរដ្ឋាភិបាលបន្ធូរបន្ថយ ឬមិនយកពន្ធ ទី២ មានការផ្ដល់ហិរញ្ញប្បទានដែលមានការប្រាក់ថោក និងទី៣ មានការលើកទឹកចិត្ត និងមានការជួយរកទីផ្សារ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកបណ្ឌិតបានបញ្ជាក់ថា ដើម្បីពង្រឹងលើការងារផលិតក្នុងស្រុកឱ្យបានច្រើន និងមានតម្លៃថោក គឺទាមទារឱ្យម្ចាស់ក្រុមហ៊ុនសហគ្រាស និងអ្នកពាក់ព័ន្ធត្រូវចេះ សហការចងក្រងជាប្រព័ន្ធអេកូស៊ីស្ទឹម ចេះផ្គុំធនធានមនុស្ស និងផ្នែកហិរញ្ញប្បទាន ពោលគឺយើងត្រូវចងក្រងជាបណ្តាញតាមវិស័យ ព្រោះថាអាជីវកម្ម ឬចង្វាក់ផលិតកម្មមួយ មិនអាចរ៉ាប់រងខ្លួនឯងស្ទើរតែគ្រប់មុខនោះទេ ត្រូវចេះចែកគ្នាវិនិយោគ ទៅតាមផ្នែកនីមួយ​ៗ។

លោកមានប្រសាសន៍ថា “ដើម្បីរុញអេកូស៊ីស្ទឹមបានគឺសហគមន៍ ស្រុកគេមានច្រើន ដូចជាសហគមន៍ចេក ម្នាស់ សមាគមគោជាដើម ហើយខ្លាំងទៀត ដូច្នេះយើងត្រូវរៀនពីអេកូស៊ីស្ទឹមនេះ ហើយរួមបញ្ចូលជាមួយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចរួមគ្នានេះ បានដើរទៅមុខលឿន។ បើមិនដូច្នេះទេ គឺមុខរបរដូចគ្នានេះឯងនឹងមកតែប្រកូតតែគ្នាឯងហើយ ចុងក្រោយគឺដួលទាំងពីរនាក់” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here