ឥណ្ឌូណេស៊ីជំរុញធុរកិច្ចអាមេរិកវិនិយោគគម្រោងទីក្រុងរដ្ឋធានីថ្មីនៅកោះកាលីម៉ាន់តាន់

ដោយ: លាងហួរ

ហ្សាកាតា: ក្រសួងការបរទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានជួបប្រជុំជាមួយអ្នកជំនួញមកពីសហរដ្ឋអាមេរិកក្រោមក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដោយភាគីទាំង២បានពិភាក្សាគ្នាផ្តោតលើការលើកកម្ពស់ការវិនិយោគនៅក្នុងប្រទេសឥណ្ឌូណេស៊ី ជាពិសេសលើការបណ្តាក់ទុននៅក្នុងគម្រោងទីក្រុងរដ្ឋធានីថ្មីនៅកោះ Kalimantan។

នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន Xinhua នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ដែលបានចូលរួមកិច្ចប្រជុំបិទទ្វារបានប្រាប់អ្នកសារព័ត៌មានថា ចំណុចស្នូលនៃកិច្ចប្រជុំ រួមមាន ការថែទាំសុខភាព ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរថាមពល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបន្តថា អ្នកតំណាងរបស់ក្រុមហ៊ុនអាមេរិកតែងតែមកទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីជារៀងរាល់ឆ្នាំ ប៉ុន្តែពួកគេមិនបានទស្សនកិច្ចក្នុងអំឡុងពេលជំងឺរាតត្បាតនេះទេ។

បើយោងតាមរដ្ឋមន្ត្រីការបរទេស លោកប្រធានាធិបតី Widodo បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌូណេស៊ីក្នុងការបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង និងអភិវឌ្ឍឧស្សាហកម្ម។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីវិនិយោគឥណ្ឌូណេស៊ី លោក Bahlil Lahadalia បាននិយាយថា លោកប្រធានាធិបតីក៏បានសន្យាថា ឥណ្ឌូណេស៊ីនឹងស្វែងរកមធ្យោបាយបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសមកបណ្តាក់ទុននៅក្នុងប្រទេស ជាពិសេសក្នុងគម្រោងទីក្រុងរដ្ឋធានីថ្មីនៅកោះ Kalimantan៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here