មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មនិងភាគីចិនពិភាក្សាពីការរៀបចំផែនការមេលើការធ្វើទំនើបកម្មកសិកម្មកម្ពុជា ចិន

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៊ុន ចន្ធី ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូមជ្ឈមណ្ឌល សហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន

ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងជាមួយលោក ZHANG Lubiao អគ្គនាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ច ក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន លើការរៀបចំផែនការមេទំនើបកម្មកសិកម្មកម្ពុជា-ចិន។

កិច្ចពិភាក្សាបានផ្តោតសំខាន់លើចំណុចមួយចំនួនដូចជា ទី១-សិក្សាបន្ថែមអំពីស្ថានភាព នៃពាណិជ្ជកម្មនាំចេញ-ចូល ផលិតផលកសិកម្ម និងទីផ្សារផលិតផលកសិកម្មក្នុងស្រុក ទី២- សិក្សាបន្ថែមអំពីគោលនយោបាយនិងផែនការគាំទ្រការអភិវឌ្ឍន៍វិស័យកសិកម្ម ទី៣- ប្រឹក្សាយោបល់នានាលើគម្រោងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម សម្រាប់ជាធាតុចូលក្នុងការរៀបចំផែនការទំនើបកម្ម វិស័យកសិកម្មកម្ពុជា-ចិនឱ្យចំគោលដៅ សំដៅអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងជំរុញការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។

លោកប៊ុន ចន្ឋីបានមានប្រសាសន៍ លើកអំពីផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជា ដូចជា៖ ចេក ស្វាយ អង្ករ ពោត ដំឡូងមី និងស្វាយចន្ទី ជាដើម ក៏ដូចជាបញ្ហាប្រឈមនានា ក្នុងការផលិតនិងនាំចេញទៅកាន់ទីផ្សារចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ ក៏បានលើកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចរចាបើកទីផ្សារថ្មីៗ ជាពិសេស ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងការដាក់ចេញនូវវិធានការសម្រួលពាណិជ្ជកម្ម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍនិងលើកកម្ពស់សកម្មភាពធុរកិច្ច ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិទាំងមូល។

លោក ZHANG Lubiao បានជម្រាបអំពីគោលបំណងនៃដំណើរបេសសកកម្មនេះ ដោយផ្តោតសំខាន់លើការស្វែងយល់បន្ថែម អំពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងវិស័យកសិកម្មរបស់កម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការ ធ្វើទំនើបកម្មកសិកម្មកម្ពុជា-ចិន ក៏ដូចជាដើម្បីបង្កើនការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅទីផ្សារអន្តរជាតិ និងប្រទេសចិន។

លោកក៏បានចែករំលែកបទពិសោធន៍ ដែលបានអនុវត្តនិងទទួលបានលទ្ធផលល្អប្រសើរ ក្នុងការលើកកម្ពស់វិស័យកសិកម្ម នៅប្រទេសចិននិងប្រទេសជិតខាងផងដែរ និងបានលើកជាយោបល់សម្រាប់កម្ពុជា ពិចារណាដើម្បីលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា រួមមាន ការបង្កើតក្រុមការងារអន្តរក្រសួងសម្រាប់វិស័យកសិកម្ម ការរៀបចំឱ្យមានក្រុមការងារប្រចាំនៅស្ថានទូតកម្ពុជា ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងវិស័យកសិកម្មជាមួយភាគិចិនបានទាន់ពេលវេលា ការធ្វើឱ្យប្រសើរឡើងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតឱ្យមានតំបន់អនុគ្រោះពន្ធជាដើម ដែលទាំងនេះនឹងជួយទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here