ប្រទេសវៀតណាមបន្តជាអ្នកទទួលទិញស្វាយចន្ទីមិនទាន់កែច្នៃលំដាប់ទីមួយរបស់កម្ពុជា

ដោយ៖ សហការី

ភ្នំពេញ៖ ប្រទេសវៀតណាមបន្តជាប់លេខមួយ ជាប្រទេសដែលទទួលទិញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ឬគ្រាប់ឆៅ របស់ប្រទេសកម្ពុជា ក្នុងរង្វង់ប្រមាណ៩០%ជារៀងរាល់ឆ្នាំ។ អ្នកជំនាញរំពឹងថា កម្ពុជានឹងទាក់ទាញការវិនិយោគ លើការកែច្នៃគ្រាប់ស្វាយចន្ទីបានកាន់តែច្រើន ដើម្បីកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ទៅវៀតណាមបានច្រើន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានមានប្រសាសន៍ប្រាប់ថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាម ៦៦ម៉ឺនតោន ថយចុះ៣៥ម៉ឺនតោន ដោយទទួលបានទឹកប្រាក់១.០៧៧លានដុល្លារ ថយចុះ៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបានបន្ថែមថា “ជារៀងរាល់ឆ្នាំគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ឬគ្រាប់ឆៅ ត្រូវបាននាំចេញទៅប្រទេសវៀតណាមប្រមាណ៩០%។ ប្រសិនកម្ពុជាទាក់ទាញការវិនិយោគ លើការកែច្នៃគ្រាប់ស្វាយចន្ទីបានកាន់តែច្រើន កម្ពុជានឹងអាចកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ទៅវៀតណាមបានច្រើន”។

លោកបន្តថា ស្វាយចន្ទីជាវិស័យមានសក្តានុពល និងផ្តល់គុណប្រយោន៍ច្រើនដល់កសិករ និងផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យនេះហាក់មិនសូវទទួលបាន ការចាប់ពីវិនិយោគគិនក្នុងស្រុកនោះទេ គឺមានតែបរទេសប៉ុណ្ណោះ។ តែដោយសារវិបត្តិ ដែលកើតមានក្នុងពេលថ្មីៗនេះ បានធ្វើឱ្យការវិនិយោគលើវិស័យនេះនៅទ្រឹង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ប្រសិនបើកម្ពុជាទាក់ទាញបានរោងចក្រកែច្នៃ ពីបរទេសបានត្រឹមតែ១០ យើងអាចកាត់បន្ថយការនាំចេញទៀតណាមបានច្រើន ប៉ុន្តែមកដល់ពេលនេះ យើងអត់អាចទាក់ទាញបាននៅឡើយទេ ដោយសារវិបត្តិសាកលផ្ទួនៗគ្នា រោងចក្រមួយចំនួនហាក់ដូចជា នៅទ្រឹងមិនទាន់មានសកម្មភាព ក្នុងការបើករោងចក្ររបស់ខ្លួននៅឡើយ។ បើកាលណាមានរោងចក្រកាន់តែច្រើន នឹងជួយផ្តល់តម្លៃបន្ថែមដល់កសិករ និងជួយបង្កើតការងារ នៅក្នុងសហគមន៍ និងកាត់បន្ថយពលករចំណាកស្រុក”។

បើតាមអ្នកជំនាញរូបនេះឱ្យដឹងថា ជាក់ស្តែង ក្រុមហ៊ុនជប៉ុន Top Planning ដែលមានគម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ចន្ទីនៅកម្ពុជា នៅតែមិនមានការសម្រេចណាមួយនៅឡើយទេ ខណៈថ្នាក់ដឹកនាំក្រុមហ៊ុននេះ នឹងចុះមកកម្ពុជាដោយផ្ទាល់ នៅថ្ងៃអាទិត្យក្រោយនេះ។

យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា ផ្ទៃដីដាំស្វាយចន្ទីនៅកម្ពុជាមានប្រមាណ៧០ម៉ឺនហិកតា។ ដាំដុះភាគច្រើនក្នុងខេត្តចំនួន១០ នៅកម្ពុជា មានដូចជាខេត្តកំពង់ធំ ក្រចេះ កំពង់ចាម ព្រះវិហារ ត្បូងឃ្មុំ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here