កម្ពុជា ថៃចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម

 ដោយៈ គង់ ម៉ាលីនណា

       ប្រទេសថៃៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជា ថៃបានចុះអនុស្សារណៈ យោគយល់លើកិច្ចសហប្រតិបត្តិការវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងដំណើរទស្សនកិច្ចសិក្សារបស់លោកជំទាវកុយ សុដានី​រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ កក្កដា គណប្រតិភូកម្ពុជាបានជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃផងដែរ។

ដំណើរទស្សនកិច្ចនេះមានរយៈពេល៥ថ្ងៃ មានគោលបំណងផ្តោតជាសំខាន់លើ ១) ការស្វែងយល់អំពី មុខងារសំខាន់ៗរបស់ស្ថាប័នរដ្ឋ និងឯកជនក្នុងការចូលរួមអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ២) ការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនចំណងមិត្តភាពឱ្យកាន់តែជិតស្និត ក្នុងវិស័យភស្តុភារកម្ម រវាងប្រទេសទាំងពីរ។

៣) ការជំរុញឱ្យមានកិច្ចប្រជុំពិភាក្សា កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងប្រទេសទាំងពីរឱ្យ បានទៀងទាត់អំពីលទ្ធភាពនៃការធ្វើឱ្យប្រសើរឡើង ដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការបើកច្រក ព្រំដែនអន្តរជាតិថ្មីបន្ថែម នៅតាមបណ្តារបៀងសេដ្ឋកិច្ចកម្ពុជា-ថៃ និង ៤) ស្វែងយល់អំពីក្របខណ្ឌគោល នយោបាយ ក្របខណ្ឌគតិយុត្តិ ទម្រង់ប្រតិបត្តិការ និងបច្ចេកវិទ្យាក្នុងប្រព័ន្ធភស្តុភារកម្មនៅប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សា ការងារជាមួយលោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុប្រទេសថៃ នៅទីស្តីការ ក្រសួងហិរញ្ញវត្ថុថៃ ដើម្បីចែករំលែកព័ត៌មានគន្លឹះស្តីពី កិច្ចសហប្រតិបត្តិការសម្រាប់ការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរនៅតាមរបៀងសេដ្ឋកិច្ច និងច្រកព្រំដែនសំខាន់ៗ​តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។

ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងទស្សនកិច្ច និងជំនួបពិភាក្សាការងាររវាងលោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ និងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មន្រ្តីជំនាញមកពី ក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សាលើការជំរុញវឌ្ឍនភាពនៃការសាងសង់ និងការរៀបចំនីតិវិធី គយ អន្តោប្រវេសន៍ និងចត្តាឡីស័ក សម្រាប់ច្រកទ្វារព្រំដែនថ្មីស្ទឹងបត់-បានណងអៀន។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានគាំទ្រផងដែរ លើគម្រោងរៀបចំ បើកច្រកទ្វារព្រំដែនស្ទឹងបត់ -បានណងអៀន ជាបណ្តោះអាសន្ន។

គណៈប្រតិភូកម្ពុជា ក៏បានជួបពិភាក្សាផងដែរជាមួយស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធសំខាន់ៗដទៃទៀត របស់ព្រះរាជាណាចក្រថៃក្នុងនោះរួមមាន៖ ១) ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងបានចុះ ហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការ និងពង្រឹងសមត្ថភាពក្នុងវិស័យភស្តុភារកម្ម ២) លេខាធិការដ្ឋានអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចភាគខាងកើតប្រទេសថៃ ដើម្បីស្វែងយល់អំពីការអភិវឌ្ឍ និងអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅរបៀងសេដ្ឋកិច្ចភាគខាងកើតប្រទេសថៃ ជាប់នឹងប្រទេសកម្ពុជា ៣) ក្រសួងដឹកជញ្ជូនថៃ ដើម្បីស្វែងយល់អំពីការរៀបចំទិសដៅ គោលនយោបាយអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសថៃ និងបានពិភាក្សាអំពីការជំរុញការតភ្ជា​ប់ និងធ្វើឱ្យប្រសើរឡើងនីតិវិធី ដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការពិចារណាលើការចរចាឡើងវិញ លើការរៀបចំកិច្ចព្រមព្រៀងទ្វេភាគី ដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា-ថៃ។

៤) អគ្គនាយកដ្ឋានគយប្រទេសថៃ ដើម្បីចែករំលែកចំណេះដឹង និងព័ត៌មាន អំពីប្រព័ន្ធប្រតិបត្តិការគយក្នុងប្រទេសថៃ និងក្នុងក្របខណ្ឌ មហាអនុតំបន់មេគង្គ ៥) អាជ្ញាធរផ្លូវដែកថៃ ដើម្បីសិក្សាស្វែងយល់អំពីទម្រង់នៃការអភិវឌ្ឍកំពង់ផែស្ងួត ឡាត់ក្រាបាង (Lat Krabang ICD) ក្នុងក្របខណ្ឌភាពជាដៃគូរដ្ឋ-ឯកជន (PPP Framework) និង ៦) ការិយាល័យចំណតរថយន្តដឹកជញ្ជូនទំនិញរុំខ្លៅ (Rom Klao Trucking Terminal)។

ទន្ទឹមជាមួយគ្នានោះដែរ គណៈប្រតិភូ ក៏បានចុះទស្សនកិច្ចសិក្សានៅនឹងកន្លែងប្រតិបត្តិការជាក់ស្តែង ជាមួយប្រតិបត្តិករភស្តុភារកម្មធំៗនៅប្រទេសថៃរួមមាន កំពង់ផែសមុទ្រឡែមឆាបាង ក្រុមហ៊ុន ESCO ប្រតិបត្តិករទីលានកុងតឺន័រ នៅក្នុងផែស្ងួតឡាត់ក្រាក់បាង និងកំពង់ផែសមុទ្រឡែមឆាបាង និងសមាគមបញ្ជូនទំនិញថៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here