អ្នកជំនាញ៖ វិស័យកសិកម្មជាវិស័យមានសុវត្ថិភាពជាងគេក្នុងវិបត្តិកូវីដ១៩ ខណៈធនាគារបន្តផ្ដល់ឥណទានដល់វិស័យនេះ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ វិស័យកសិកម្មកម្ពុជានៅតែបន្តទទួលបានការគាំទ្រពីបណ្ដាធនាគារនិងហិរញ្ញវត្ថុ ខណៈវិស័យនេះនៅតែមានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ហើយវារឹតតែមានសក្ដានុពលខ្លាំង និងជាវិស័យដែលមានសុវត្ថិភាពជាងគេនៅក្នុងវិបត្តិកូវីដ១៩។

លោកឧកញ៉ា ហួត អៀងតុង​ អគ្គនាយកនៃធនាគារហត្ថា បានថ្លែង នាពេលកន្លងមកថា វិស័យកសិកម្មក៏ជាវិស័យមួយ ដែលធនាគាររបស់ខ្លួនបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ខណៈពលរដ្ឋកម្ពុជាជាច្រើននៅតែបន្តពឹងលើវិស័យកសិកម្មជាមុខរបរ ហើយវិស័យនេះដែរក៏នៅតែជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់ផងដែរ។

លោកបន្តថា ក្រៅពីនេះ ធនាគារហត្ថាក៏បានផ្ដល់ឥណទានលើវិស័យជាច្រើនទៀត ដូចជា ទេសចរណ៍ សំណង់ វិស័យសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីជួយជ្រោមជ្រែងអតិថិជនរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ឱ្យដឹងថា គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ២០២២នេះ ធនាគារអេស៊ីលីដាមានសមតុល្យឥណទានសរុបជាង៥,៨ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ វិស័យកសិកម្មមានទំហំឥណទានជិត២១ភាគរយ នៃឥណទានសរុប ឬគិតជាទឹកប្រាក់១,២ពាន់លានដុល្លារអាមេរិក។ បើគិតធនាគារទូទាំងប្រទេសតែម្ដងធនាគារអេស៊ីលីដាបានផ្ដល់ឥណទានទៅវិស័យកសិកម្មប្រមាណជាង៣៤ភាគរយ ដែលជាតួលេខដ៏ច្រើនមួយសម្រាប់ធនាគារអេស៊ីលីដា ។

លោកបណ្ឌិតបន្តថា យើងឃើញហើយនៅក្នុងវិបត្តិកូវីដ១៩ វិស័យកសិកម្មជាវិស័យដែលមានសុវត្ថិភាពជាងវិស័យផ្សេងៗ ។ ជាក់ស្ដែងវិស័យផ្សេងបានរងផលប៉ះពាល់ធ្ងន់ធ្ងរតែវិស័យនេះ មិនមានផលប៉ះពាល់ខ្លាំងក្លាណាស់ណាទេ ហើយអ្នកប្រកបរបរកសិកម្មមួយចំនួននៅតែមានឱកាសក្នុងការពង្រីករបររកប្រាក់ចំណេញ និងអាចផ្គត់ផ្គង់ទៅកាន់ទីផ្សារបានច្រើនជាងមុនទៀតផង ។ទាំងនេះបានជំរុញឱ្យធនាគារជាច្រើនរួមទាំងអេស៊ីលីដារឹតតែពង្រីកការផ្ដល់ឥណទានទៅដល់វិស័យកសិកម្មបន្ថែមទៀត ។

បើតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗ ឱ្យដឹងថា គិតត្រឹមឆមាសទី១ឆ្នាំ២០២២នេះ ធនាគារនិងហិរញ្ញវត្ថុបានផ្ដល់ឥណទានដល់វិស័យកសិកម្ម មានទំហំទឹកប្រាក់ប្រមាណ៤,៨ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានកំណើនជាង១១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here