តើការរៀបចំក្រុងព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណងមានគោលដៅសំខាន់ៗអ្វីខ្លះ?

ដោយៈ ស៊ីវ ម៉េង

ព្រះសីហនុៈ រដ្ឋាភិបាលបាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចពហុបំណង។

តើអ្វីជាគោលដៅចម្បងនេះ យោងតាមកិច្ចប្រជុំរបស់គណកម្មាធិការអន្តរក្រសួង ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណកម្មាធិការអភិ​វឌ្ឍន៍តំបន់ឆ្នេរបានបង្ហាញថា ក្រុមមន្រ្តីបានរៀបចំនិងដាក់ចេញផែនការ ដើម្បីសម្រេចគោលដៅ បន្តជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាសម្រេចបានចក្ខុវិស័យដល់ឆ្នាំ២០៣៨។

ចក្ខុវិស័យនេះ គឺប្រែក្លាយដែនដីនៅខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រង ប្រើប្រាស់ បែងចែក ការពារ និងអភិវឌ្ឍប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍន៍ជាតិទំនើប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិ​ច្ចប្រជុំខាងលើនេះ មានការចូលរួមពីបណ្តារដ្ឋមន្រ្តី មកពីក្រសួងពាក់ព័ន្ឋជា​ច្រើនរួមមាន លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកនៃគណៈកម្មាធិការបច្ចេកទេស អន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានគ.ប.ដ. លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន គ.ប.ដ. និងរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធមួយចំនួនទៀត។

ក្រុងព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលបាននិងកំពុងទាក់ទាញការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋនានាជាច្រើន ដែលបច្ចុប្បន្ន​ខេត្តនេះ មានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា និងកំពុងពង្រីកការសាងសង់ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ខេត្តនេះ ក៏ជាខេត្តដំបូងគេ ដែលនឹងមានការតភ្ជាប់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មានព្រលានយន្តហោះលំដាប់អន្តរជាតិផងដែរ និងបច្ចុប្បន្ននេះក្រុមហ៊ុនChina Railways កំពុងសិក្សាលទ្ឋភាព ប្រែក្លាយផ្លូវរថភ្លើងមានស្រាប់ ទៅជាផ្លូវរថភ្លើងល្បឿន​លឿនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here