អតិផរណានៅកម្ពុជាកើនខ្ពស់បំផុតដល់៧,២ភាគរយក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា អតិផរណានៅកម្ពុជា បានកើនខ្ពស់បំផុតរហូតដល់៧,២% នៅខែឧសភា ឆ្នាំ២០២២ ដោយសារឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានថ្លែងថា ឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជា ក៏បានកើនឡើងជាបន្តបន្ទាប់ដល់៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ។

លោកបានឱ្យដឹងទៀតថា ការអូសបន្លាយនៃសង្រ្គាម និងការដាក់ទណ្ឌកម្មនានា លើប្រទេសរុស្ស៊ី បានធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោកកើនឡើងជាលំដាប់ ដោយសាររុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែជាប្រទេសឈានមុខគេ ក្នុងការនាំចេញវត្ថុធាតុដើមដូចជា ប្រេងឥន្ធនៈ ឧស្ម័ន ជី និងផលិតផលកសិកម្ម ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅខែមិថុនា ឆ្នាំ២០២២នេះ អត្រាអតិផរណាសហរដ្ឋអាមេរិក បានកើនឡើងដល់៩,១% ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៤០ឆ្នាំ ចុងក្រោយនេះ ស្របពេលដែលអតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូ បានកើនដល់៨,៦% ដែលជាអត្រាខ្ពស់បំផុត ចាប់តាំងពីការបង្កើតប្រាក់អឺរ៉ូមក។

លោកបានបន្ដទៀតថា ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀលក៏ដូចជា ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

លោក ជា ចាន់តូ បានបញ្ជាក់ថា “ធនាគារជាតិនៃកម្ពុជា បានរឹតបន្តឹងបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា មុនគ្រាមានវិបត្តិសុខាភិបាល ជាពិសេសការពង្រឹងដើមទុន ការបង្កើនកម្រិតសន្ទនីយភាពខ្ពស់ និងការធ្វើសំវិធានធន ដោយអភិរក្សនិយម ដែលកត្តាទាំងនេះ អនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារកម្ពុជា អាចអនុវត្តការបន្ធូរបន្ថយលើបទប្បញ្ញត្តិដោយពិលាស នៅក្នុងគ្រាមានវិបត្តិ និងក្នុងដំណាក់កាលស្តារសេដ្ឋកិច្ច”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here