ថៃរំពឹងទទួលបានប្រាក់ចំណូលទេសចរណ៍រហូតដល់ទៅ៦៥ពាន់លានដុល្លារនៅឆ្នាំ២០២៣

ដោយ៖ សុខុម

បាងកក: អាជ្ញាធរទេសចរណ៍ថៃ (TAT) កាលពីថ្ងៃច័ន្ទ ទី១៨ ខែកក្កដា និយាយថា ខ្លួនរំពឹងថា ឧស្សាហកម្មទេសចរណ៍របស់ខ្លួននឹងអាចរកប្រាក់ចំណូលបានរហូតដល់២,៣៨ទ្រីលានបាត (៦៥,០៣ពាន់លានដុល្លារអាមេរិក) នៅឆ្នាំក្រោយ។

 

លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) បានលើកឡើងថា នៅក្នុងសេណារីយ៉ូល្អបំផុត ប្រាក់ចំណូលចំនួន១,៥ទ្រីលានបាត (៤០,៩ពាន់លានដុល្លារអាមេរិក) នឹងបានពីភ្ញៀវអន្តរជាតិ និង៨៨០ពាន់លានបាត (២៤ពាន់លានដុល្លារអាមេរិក) នឹងបានពីទេសចរណ៍ក្នុងស្រុក។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា តួលេខនេះគឺស្មើនឹងប្រមាណ៨០%នៃប្រាក់ចំណូលពីវិស័យទេសចរណ៍ នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

 

ប្រទេសថៃ ទទួលបានភ្ញៀវបរទេសប្រមាណ២លាននាក់ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២ ដែលជាកំណើនជាវិជ្ជមាន បន្ទាប់ពីឧស្សាហកម្មទេសចរណ៍របស់ខ្លួនស្ទើរតែដួលរលំ ដោយសារវិបត្តិកូវីដ-១៩ និងវិធានការ១៨ខែ នៅក្នុងការរឹតបន្តឹងការចេញចូល ដែលមានលក្ខណៈស្មុគស្មាញ និងចំណាយច្រើន​។

កាលពីដើមឆ្នាំនេះ ប្រទេសថៃ បានចាប់ផ្តើមកម្មវិធីផ្ដល់ទិដ្ឋាការរយៈពេលវែង សម្រាប់ជនបរទេសដែលមានទ្រព្យសម្បត្តិច្រើន និងកម្មករជំនាញ ដោយប្រកាន់ខ្ជាប់នូវផែនការរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលចំណាយខ្ពស់ បើទោះជាមានការបាត់បង់ការងារជាន់ខ្ពស់ និងអាជីវកម្មជាច្រើនក្នុងវិស័យទេសចរណ៍អំឡុងវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here