រដ្ឋាភិបាលអូស្ត្រាលីថ្មីសន្យានឹងបន្តគោរពគោលនយោបាយចិនតែមួយ

ដោយ៖ លាងហួរ

ចិន៖ ប្រទេសចិននិងអូស្ត្រាលី បានព្រមព្រៀងគ្នា ក្នុងការទម្លុះនូវឧបសគ្គ និងស្តារទំនាក់ទំនងទ្វេភាគីឡើងវិញនៅលើផ្លូវត្រឹមត្រូវ ដោយរដ្ឋាភិបាលអូស្ត្រាលីថ្មីបានសន្យាថានឹងបន្តគោរពគោលនយោបាយចិនតែមួយ។

ការព្រមព្រៀងគ្នានេះបានធ្វើឡើងខណៈពេលលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន និងលោកស្រី Penny Wong សមភាគីអូស្ត្រាលីបានជួបគ្នានៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G20 ដែលធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

លោក វ៉ាង យី បានមានប្រសាសន៍ថា ទំនាក់ទំនងចិន-អូស្ត្រាលី កំពុងប្រឈមមុខនឹងបញ្ហានានា ឱកាស និងការអភិវឌ្ឍ ប្រកបដោយភាពល្អប្រសើរ សាកសមនឹងផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ និងជួយការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក វ៉ាង យី បានបន្តថា ក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ភាគីចិនមានឆន្ទៈក្នុងការពិនិត្យមើលឡើងវិញ និងធ្វើឱ្យមានទំនាក់ទំនងទ្វេភាគីឡើងវិញ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែង ដើម្បីនាំទំនាក់ទំនងចិន និងអូស្ត្រាលីត្រឡប់មកវិញនៅលើផ្លូវត្រូវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកលោកស្រី Wong បាននិយាយថា អូស្ត្រាលី និងចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មញឹកញាប់ ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកស្រីបន្ថែមថា រដ្ឋាភិបាលអូស្ត្រាលីថ្មី នឹងបន្តគោរពគោលនយោបាយចិនតែមួយ និងសង្ឃឹមថាអាចទាញយកអត្ថប្រយោជន៍ពីខួបលើកទី៥០នៃទំនាក់ទំនងការទូតទ្វេភាគី ដើម្បីធ្វើឱ្យទំនាក់ទំនងអូស្ត្រាលី-ចិនកាន់តែមានស្ថិរភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here