ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ចំនួនសមាជិកNATOបានកើនឡើងពីរទៀតហើយ បន្ទាប់ពី ក្រុមឯកអគ្គរដ្ឋទូតរបស់អង្គការ NATO បានចុះហត្ថលេខាលើពិធីសារ នៃការចូលជាសមាជិក សម្រាប់ហ្វាំងឡង់និងស៊ុយអែតហើយ។
យោងតាមការចេញផ្សាយដោយ វែបសាយរបស់អង្គការ NATO នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២បានឲ្យដឹងថា ពិធីចុះហត្ថលេខាលើ ត្រូវបានធ្វើឡើង នៅឯទីស្នាក់ការកណ្តាលរបស់ NATO ដែលស្ថិតក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ៉ិសក ជាមួយវត្តមានរបស់រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ លោកPekka Haavisto និងរដ្ឋមន្រ្តីការបរទេសស៊ុយអែត លោកស្រីAnn Linde។
អគ្គលេខាធិការNATO លោកJens Stoltenberg បានមានប្រសាសន៍ថា “នេះពិតជាពេលវេលាជាប្រវត្តិសាស្រ្តមួយ សម្រាប់ហ្វាំងឡង់ សម្រាប់ស៊ុយអែតសម្រាប់NATO និងសម្រាប់សន្តិសុខរួមរបស់ពួកយើង”។
កាលពីសប្តាហ៍មុន កំឡុងកិច្ចប្រជុំកំពូល ក្នុងទីក្រុងម៉ាឌ្រីដនៃប្រទេសអេស៉្បាញ ក្រុមថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក NATO បានឯកភាពគ្នាអញ្ជើញហ្វាំងឡង់ និងស៊ុយអែត ឱ្យចូលរួមក្នុងបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បន្ទាប់ពីប្រទេសទាំងពីរ បានដាក់ពាក្យសុំចូលជាសមាជិកដំណាលគ្នា កាលពីខែឧសភា។
ការចុះពិធីសារខាងលើ គឺជាការចាប់ផ្តើមនៃដំណើការផ្តល់សច្ចាប័ន ចំពោះសមាជិកភាពរបស់ហ្វាំងឡង់និងស៊ុយអែត៕