ឧត្តមមន្រ្តីថាមពលអាស៊ាន ពិភាក្សាគ្នាលើវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការថាមពលរវាងអាស៊ាន និងអាស៊ីបូព៌ា

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ឧត្តមមន្ត្រីថាមពលអាស៊ាន ជាមួយឧត្តមមន្ត្រីអាស៊ីបូព៌ា (SOME-EAS ECTF) និងសហភាពរុស្ស៊ី (SOME-RUSSIA)បានប្រជុំគ្នាតាមប្រព័ន្ធអនឡាញ ក្រោមភាពជាប្រធានថាមពលអាស៊ាន ឆ្នាំ២០២២។


កិច្ចប្រជុំកាលពីថ្ងៃទី៤ កក្កដាកន្លងមក ដឹកនាំដោយលោកវិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីថាមពលអាស៊ាន បានអញ្ជើញជាគណៈធិបតីបើក និងដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីថាមពលអាស៊ានលើកទី៤០ ជាមួយឧត្តមមន្ត្រីអាស៊ីបូព៌ា (SOME-EAS ECTF) និងសហភាពរុស្ស៊ី (SOME-RUSSIA)។

កិច្ចប្រជុំសំខាន់នេះ មានការអញ្ជើញចូលរួមពីឧត្តមមន្ត្រីថាមពលអាស៊ានទាំង១០ លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលថាមពលអាស៊ាន ក្រុមប្រឹក្សាប្រេងកាតអាស៊ាន និងភាគីពាក់ព័ន្ធដទៃទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាលទ្ឋផលកិច្ចប្រជុំនេះ បានពិភាក្សាលើចំណុចសំខាន់ៗចំនួនបីរូមមានទី១. ពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្ត កិច្ចសហប្រតិបត្តិការថាមពលរវាងអាស៊ាន និងអាស៊ីបូព៌ា (EAS-ECTF) ឆ្នាំ២០២១-២០២២ និងកំណត់ផែនការសកម្មភាពសម្រាប់ជំហ៊ានទី២ រួមមាន គម្រោងផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍធនធានមនុស្ស គម្រោងលើកកម្ពស់ការវិនិយោគបច្ចេកវិទ្យាថាមពលស្អាត និងថាមពលកកើតឡើងវិញ។

ការជំរុញការប្រើប្រាស់ប្រេង និងឧស្ម័ន ការលើកកម្ពស់ប្រព័ន្ធស្តុកទុកថាមពល ការកែច្នៃនិងការគ្រប់គ្រងហានិភ័យ ដើម្បីរក្សាឱ្យបាននូវសន្តិសុខថាមពល ភាពធន់នៃថាមពល និងការពន្លឿនអន្តរកាលថាមពល ព្រមទាំងចូលរួមចំណែកនៃការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយរងផលប៉ះពាល់ដោយជំងឺកូវីត១៩។

ទី២. ការចែករំលែកអំពីវឌ្ឍនភាពស្តីពីការអភិវឌ្ឍ ផែនការ និងគោលនយោបាយថាមពលរវាងអាស៊ាន និងសហភាពរុស្ស៊ី ក៏ដូចជា ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងដំបូង នៃផែនការកិច្ចសហប្រតិបត្តិការ ថាមពលអាស៊ាន-រុស្ស៊ី ឆ្នាំ២០២២-២០២៥ ដែលផ្តោតសំខាន់លើវិស័យអាទិភាពដូចជា ប្រេងនិងឧស្ម័ន ធ្យូងថ្ម និងការអភិវឌ្ឍន៍ធនធានរ៉ែ ថាមពលអគ្គិសនី ថាមពលនុយក្លេអ៊ែរ បម្រើដល់គោលបំណងសន្តិភាព ប្រភពថាមពលកកើតឡើងវិញ និងថាមពលកាបូនទាប និងទី៣. ពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here