ដោយ: លាងហួរ
ប្រទេសរុស្ស៊ី: ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីនបានមានប្រសាសន៍កាលពីថ្ងៃពុធម្សិលមិញនេះថា វាគ្មានបញ្ហាសម្រាប់រុស្សីទេ ប្រសិនបើណាតូដាក់ពង្រាយកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត ក្រោយពីប្រទេសទាំង២នេះ បានចូលរួមជាមួយស ម្ព័ន្ធភាពយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
លោកពូទីនបាននិយាយថា យើងមិនមានបញ្ហាជាមួយស៊ុយអែត និងហ្វាំងឡង់ ដូចដែលយើងមានជាមួយអ៊ុយក្រែនទេ។
លោកបានព្រមានថា “ប្រសិនបើហ្វាំងឡង់ និងស៊ុយអែតចង់ចូលរួមជាមួយណាតូ ពួកគេអាចចូលរួមបាននោះអាស្រ័យលើពួកគេ”។ លោកបន្តថា “ពួកគេអាចចូលរួមអ្វីក៏បានតាមដែលពួកគេចង់ ប៉ុន្តែស៊ុយអែត និងហ្វាំងឡង់ត្រូវតែយល់ថា រុស្ស៊ីមិនដែលគំរាមកំហែងដល់ប្រទេសទាំង២នេះ ពីមុនទេ ប៉ុន្តែប្រសិនបើឧបសម្ព័ន្ធយោធា និងហេដ្ឋារចនាសម្ព័ន្ធរបស់ណាតូត្រូវបានដាក់ពង្រាយនៅស៊ុយអែត និងហ្វាំងឡង់ រុស្ស៊ី នឹងត្រូវឆ្លើយតបទៅវិញ ដោយបង្កើតការគំរាមកំហែងដូចគ្នា សម្រាប់ទឹកដីដែលគំរាមកំហែងមកលើរុស្ស៊ី”។
លោកពូទីនបានបន្ថែមថា វាជារឿងជៀសមិនរួច ដែលទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយទីក្រុងHelsinki និង Stockholmនឹងមានភាពជូរចត់នឹងគ្នា។
លោកពូទីនបាននិយាយថា អ្វីគ្រប់យ៉ាងគឺមានភាពល្អប្រសើរ រវាងរុស្ស៊ី និងស៊ុយអែត និងហ្វាំងឡង់ ប៉ុន្តែឥឡូវនេះប្រហែលជាមានភាពតានតឹងខ្លះហើយក៏ច្បាស់ជាមាន។
ការអត្ថាធិប្បាយរបស់លោកពូទីននេះ បានធ្វើឡើងមួយថ្ងៃក្រោយពីប្រទេសទួរគី បានដកសិទិ្ធវេតូរបស់ខ្លួន ជុំវិញការឱ្យហ្វាំងឡង់ និងស៊ុយអែតអាចចូលរួមសម្ព័ន្ធភាព ក្រោយពីប្រទេសទាំងបីបានឯកភាពគ្នា លើការការពារសន្តិសុខគ្នាទៅវិញទៅមក៕