ក្រសួងពាណិជ្ជកម្មបើកសិក្ខាសាលាថ្នាក់ជាតិជាស៊េរីលើកទីមួយ ស្តីពីកិច្ចព្រមព្រៀងRCEP

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាថ្នាក់ជាតិជាស៊េរីលើកទីមួយស្តីពី ការយល់ដឹងអំពីកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ អាសិប (RCEP) និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម។

សិក្ខាសាលាដែលបានប្រារពនាព្រឹកថ្ងៃទី២៩ មិថុនានេះ ធ្វើឡើងក្រោមវត្តមានរបស់លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និងមានការចូលរួមពីវិស័យឯកជនតាមវិស័យដែលពាក់ព័ន្ធ។

លោករដ្ឋមន្រ្តី បានជម្រាបជូនគោលបំណងថា គឺលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធី នៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងបញ្ជ្រាបការយល់ដឹងអំពីនីតិវិធី នៃការស្នើសុំវិញ្ញាបនបត្រដើមកំណើតទំនិញ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures)។

លោកបានបន្តថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលគ្របដណ្តប់លើ ២០ជំពូក រួមមានជាអាទិ៍៖ ពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ ពាណិជ្ជកម្មសេវា វិធានអនាម័យនិងភូត្តគាមអនាម័យ ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP) ពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកឡើងបន្តថា កិច្ចព្រមព្រៀងអាសិបនេះ មានសមាជិកចំនួន១៥ប្រទេសរួមមាន ប្រទេសទាំង១០ដែលជាសមាជិកអាស៊ាន បូករួមជាមួយប្រទេសសេដ្ឋកិច្ចជឿនលឿនចំនួន៥ប្រទេសគឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង នូវែលហ្សេឡង់ ដែលតំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង២៨% នៃពាណិជ្ជកម្មពិភពលោក (គិតត្រឹមឆ្នាំ២០១៩)។

កិច្ចព្រមព្រៀងនេះ ផ្តល់នូវភាពអនុគ្រោះខ្ពស់លើសមាសធាតុតម្លៃតំបន់ដែលត្រូវអនុវត្តជាទូទៅ (ធំជាងឬស្មើ៤០%—RVC≥40%) និងវិធានបូកបន្ថែមក្នុងតំបន់ ដែលកម្ពុជាអាចប្រើប្រាស់ផលិតផល និងវត្ថុធាតុដើមដែលមានប្រភព ពីប្រទេសសមាជិកRCEPដទៃទៀត ក្នុងការផលិតនូវផលិតផលរបស់កម្ពុជា ហើយនៅតែរក្សាបាននូវដើម កំណើតទំនិញកម្ពុជាដើម្បីទទួលបានភាពអនុគ្រោះពន្ធ។

ក្រសួងនឹងបន្តរៀបចំសិក្ខាសាលាជាស៊េរីនេះ ជាបន្តបន្ទាប់ ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រះសីហនុ និងស្វាយរៀង, ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។ លើសពីនេះ ទិសដៅទៅថ្ងៃអនាគត វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ រួមសហការជាមួយនាយកដ្ឋាននាំចេញ-នាំចូល នឹងបន្តរៀបចំសិក្ខាសាលាជាស៊េរីបែបនេះ លើកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរីផ្សេងទៀត តាមការចាំបាច់ ដើម្បីធានាបរិយាប័ន្ន និងនិរន្តរភាពនៃការអនុវត្តវិធាននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here