កម្ពុជាជំពាក់បំណុលបរទេសជិត១០ពាន់លានដុល្លារ ប៉ុន្តែស្ថិតក្នុងការគ្រប់គ្រងបាន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ បំណុលបរទេសរបស់កម្ពុជា មានប្រមាណ៩.៨១ពាន់លានដុល្លារ ក្នុងនោះបំណុលទ្វេភាគី មានប្រមាណ ៦៨% និងបំណុលពហុភាគីមាន៣២ភាគរយ។

ទោះជាយ៉ាងណារាជរដ្ឋាភិបាលវាយតម្លៃថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន និងមានហានិភ័យកម្រិតទាបដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាពីកត្តាខាងក្រៅ ដែលកំពុងកើតមានក្តី។ នេះយើងយោងតាមព្រឹត្តិបត្រ ស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមបំណុលជាង៩.៨១ប៊ីលានដុល្លារនេះ កម្ពុជាជំពាក់ចិនប្រមាណ៤១% ដែលមានចំនួន ៣ ៩៩៣.៨៦លានដុល្លារ, បារាំង ចំនួន៤៧០.៥៩លានដុល្លារ ស្មើនឹង៥%, ជប៉ុនចំនួន ១០២០.៧៣លានដុល្លារ ដែលស្មើនឹង១០% និងកម្ចីពីដៃគូអភិវឌ្ឍនានា ក្នុងក្របខណ្ឌពហុភាគីមានចំនួន ៣២% ក្នុងទំហំទឹកប្រាក់ ៣១២០.៣៧លានដុល្លារ និងក្រៅពីនោះ គឺកម្ចីពីប្រទេសកូរ៉េខាងត្បូង ឥណ្ឌា ថៃ និងវៀតណាម ព្រមទាំងបំណុលមរតក។

ក្រសួងសេដ្ឋកិច្ចបានអះអាងថា លទ្ធផលបឋមនៃការវិភាគចីរភាពបំណុល រហូតដំណាច់ឆ្នាំ២០២២បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាល នៃវិបត្តិជំងឺកូវីដ១៩ និងកត្តាពីខាងក្រៅក្តី ក៏ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមានចីរភាព និងហានិភ័យកម្រិតទាបដដែល ដោយរាល់សូចនាករ បំណុលគន្លឹះទាំងអស់សុទ្ធ តែស្ថិតក្រោមអនុបាតគោល ក្នុងនោះសូចនាករសំខាន់ជាងគេ គឺអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស មានត្រឹមកម្រិត២៤.៩% ធៀបនឹងអនុបាទគោល៤០ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងត្រីមាស ទី១ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូរអភិវឌ្ឍន៍នានាសរុបចំនួន ៣១៧.២៤ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ១៤% នៃពិដានដែលច្បាប់អនុញ្ញាត ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ៤៨% ដែលគោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវហិរញ្ញប្បទាន ក្នុងវិស័យអទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាព នៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ គឺមានលក្ខណៈល្អប្រសើរជាង ដោយហេតុថា កាលពីត្រីមាសទី១ ឆ្នាំ២០២១ ពុំមានការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាល់តែសោះ។ ជារួមឥណទានទាំងនេះ សុទ្ធសឹងតែជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយ ជាមធ្យមប្រមាណ៥០% ។

ដោយឡែកការដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកសម្រាប់ប្រើប្រាស់ មានចំនួន៥២៩.៧៩លានដុល្លារអាមេរិក មានកំណើនប្រមាណ២១% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៤៧% និងពហុភាគីមានប្រមាណ៥៣% ។

ការដកសាច់ប្រាក់ពីឥណទាននេះ ដើម្បីប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋរចនាសម្ព័ន្ធ៣២% និងវិស័យអទិភាពចំពោះមុខផ្សេងទៀតចំនួ​ន៦៨%។ ទន្ទឹមគ្នានេះដែរ នៅត្រីមាសទី១ឆ្នាំនេះ រដ្ឋបានទូទាត់បំណុលជូនដៃគូអភិវឌ្ឍន៍ចំនួន១៨៧.០៣លានដុល្លារ កើនឡើងប្រមាណ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានដូច ជាក្របខ័ណ្ឌគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ ព្រមទាំងប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here