ប្រទេសកម្ពុជាសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាដំបូងគេនៅក្នុងប្រទេសជប៉ុន

ដោយ៖ សុផារី

ជប៉ុន៖ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (Cambodia Private Commercial Center) នៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។

កម្មវិធីនេះមានការចូលរួមក្រោមអធិបតីភាពលោកទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជាប្រចាំប្រទេសជប៉ុន និងលោកTaro Kono  សមាជិករដ្ឋសភា អតីតរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោកAkira Amari សមាជិករដ្ឋសភា អតីតរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោកImamura Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន លោកMikami Masahiro អគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោកMasahiro Hirabayashi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC)។

លោកទុយ រី បានឡើងថ្លែងថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងAtsugi នៃខេត្តKanagawa ប្រទេសជប៉ុន គឺជាសមិទ្ធិផលថ្មីស្រឡាង បានមកពីការរួមសហការរបស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ដោយមានស្ថានទូតនៃកម្ពុជាប្រចាំប្រទេសជប៉ុនជាស្ពានសម្របសម្រួល។

លោកបន្តថា មជ្ឈមណ្ឌលនេះ គឺជាស្ពាន និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជនទូទៅមកទំនាក់ទំនងដោយផ្ទាល់ ពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ សាកសួរព័ត៌មានច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្នានសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអគ្គរាជទូតបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងAtsugi នៃខេត្តKanagawa ប្រទេសជប៉ុន នេះ ត្រូវបានអនុញ្ញាតិជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្របតាមគោលនយោបាយការទូតសេដ្ឋកិច្ចកម្ពុជា ដើម្បីគៀងគរការវិនិយោគពីបរទេស និងរកទីផ្សារពង្រីកការនាំចេញផលិតផលកម្ពុជា។

នៅកិច្ចបញ្ចប់ លោកឯកអគ្គរាជទូត បានធ្វើការវាយតម្លៃខ្ពស់អំពីតួនាទីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា Atsugi ដែលជាស្ពានសម្រាប់ផ្សារភ្ជាប់ កាន់តែល្អប្រសើរថែមទៀត នូវទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។

លោកក៏បានថ្លែងអំណគុណចំពោះ ក្រុមហ៊ុន Kojima Holding Co., Ltd សហគមន៍ខ្មែរនៅជប៉ុន ក្រសួងស្ថាប័នជំនាញ បានគាំទ្រជាកំលាំងកាយ កំលាំងចិត្ត ស្មារតី ឯកសារ សម្ភារៈ និងការសម្របសម្រួលគ្រប់ទំរង់ រួមចំណែកធ្វើអោយកើតជារូបរាងឡើង មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា Atsugi ដ៏ស្រស់ល្អ ដំបូងគេលើទឹកដីជប៉ុន នៅពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here