រដ្ឋមន្ត្រីការពារជាតិជប៉ុននឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅកម្ពុជា នាសប្ដាហ៍ក្រោយ

ដោយ៖ សុខុម

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅកម្ពុជា សប្តាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មានឡាវ Laotian Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២០ ខែមិថុនា នេះ។

កិច្ចពិភាក្សានេះនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃអង្គារ ទី២៨ ដល់ថ្ងៃពុធ ទី២៩ ខែមិថុនា ហើយកិច្ចប្រជុំនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីឃ្លាំមើលសកម្មភាពការពារជាតិនៅក្នុងតំបន់។

លោក Nobuo Kishi បានថ្លែងប្រាប់សារព័ត៌មានជប៉ុន Japan Today ដូច្នេះថា “នេះគឺជាឱកាសដ៏មានអត្ថន័យដើម្បីផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្ញុំសង្ឃឹមថានឹងលើកកម្ពស់ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក”។

លោកបានលើកឡើងបន្ថែមទៀតថា ប្រទេសជប៉ុន មានបំណងរក្សា និងពង្រឹងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឱ្យក្លាយជាតំបន់មួយដែលមានលក្ខណៈ “សេរី និងបើកចំហ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំលើកនេះគឺជាជំនួបផ្ទាល់លើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិជប៉ុន និងរដ្ឋមន្ត្រីការពារជាតិអាស៊ាន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មក។

ប្រទេសជប៉ុន បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយបណ្ដាប្រជាជាតិក្នុងតបន់អាស៊ាន ក្នុងវិស័យការពារជាតិដោយសារប្រទេសទាំងនោះមានភូមិសាស្ត្រជាប់ផ្លូវសមុទ្រសំខាន់ៗជាលក្ខណៈយុទ្ធសាស្ត្រ រួមទាំងសមុទ្រចិនខាងត្បូង ផងដែរ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi ក៏នឹងជួបពិភាក្សាដាច់ដោយឡែកជាមួយសមភាគីកម្ពុជា ឥណ្ឌូនេស៊ី ព្រុយណេ និងវៀតណាម ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here