ប្រទេសចិនត្រៀមបញ្ជាទិញមៀនប៉ៃលិនទ្រង់ទ្រាយធំចាប់ពីខែសីហាខាងមុខ

ដោយៈគង់ សូរិយា

ប្រទេសចិនៈ អាជ្ញាធរគយចិន បានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចិន អាចនាំចូលផ្លែមៀនប៉ៃលិនរបស់កម្ពុជា ទៅទីផ្សារចិន នៅអំឡុងខែសីហា ខាងមុខនេះ។

លោកសួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន ដែលទទួលបានដំណឹងនេះពីក្រុមហ៊ុនស៊ីន គួយ យ័ន របស់ចិនមានរោងចក្រ និងឡសម្លាប់មេរោគ​លើ​ផ្លែមៀន នៅក្នុងខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងកាលពីចុង​សប្តាហ៍មុនថា ក្រុមហ៊ុនបញ្ជាទិញបានប្រាប់ឱ្យកសិករដាំមៀន នៅខេត្តប៉ៃលិនត្រៀមខ្លួន ដើម្បីប្រមូលផលមៀន សម្រាប់នាំចេញទៅផ្សារប្រទេសចិន។

លោកបន្តថា ក្រុមហ៊ុនចិន ចាប់ផ្តើមបញ្ជាទិញជាដំណាក់កាល ពោលគឺដំណាក់កាលទី១ ចាប់ពីខែ សីហា ដល់ខែធ្នូ ឆ្នាំនេះ ក្នុងតម្លៃ៣៦០០រៀ ក្នុងមួយគីឡូក្រាម។ ដំណាក់កាលទី២ ចាប់ពីខែធ្នូ ដល់ខែមករា ឆ្នាំ ២០២៣ តម្លៃ៣៨០០រៀល ដំណាក់កាលទី៣ ពីខែមករា ដល់ខែ កុម្ភៈ តម្លៃមួយគីឡូ៤០០០រៀល និងឈានដល់៤៥០០រៀល​​ ចាប់ខែមីនា ដល់ឧសភា ឆ្នាំ២០២៣។ បើតាមលោក សួន ជុំ ក្នុងមួយថ្ងៃក្រុមហ៊ុនចិន អាចបញ្ជាទិញមៀនប៉ៃលិនប្រមាណខ្ទង់ ១០០-២០០ តោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែតម្រូវការរបស់ក្រុមហ៊ុន គឺទាមទារឱ្យកសិករ ជាម្ចាស់ចម្ការត្រូវមានវិញ្ញាបនបត្រអនុវត្តកសិកម្មល្អ (CAM GAP) ដែលចេញពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ។​

លោកវេង សាខុន រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកន្លងមកថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះតាង៉ែនទូទាំងប្រទេ​សសរុប១៣,៦០៨ហិកតា នៅក្នុងខេត្តចំនួន១៤ ។ ខេត្តដែលមានកសិករដាំដុះប្រភេទនេះច្រើនជាងគេ គឺខេត្តប៉ៃលិន បាត់ដំបង រតនៈគិរី និងបន្ទាយមានជ័យ។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ទិន្នផលផ្លែមៀនប៉ៃលិន ឬតាង៉ែន គិតជាមធ្យមមានចំនួន១៦តោន ក្នុងផ្ទៃដីមួយហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here