រដ្ឋាភិបាលកម្ពុជារំពឹងថាកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ និង២០២៣ បន្តកើនឡើងខ្ពស់

ដោយៈ លក្ខិណា

ភ្នំពេញៈ ទោះបីជាឆ្នាំ២០២២នេះ ស្ថានភាពសេដ្ឋកិច្ចសកលមិនទាន់មានភាពប្រាកដប្រជា ដោយសារតែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាកូវីដ១៩ ក្របខណ្ឌសកលមិនទាន់ច្បាស់ក្ដី តែកម្ពុជារំពឹងថាកំណើនសេដ្ឋកិច្ចរបស់ខ្លួន នឹងបន្តងើបឡើងខ្ពស់បន្តទៀត ក្នុងនោះឆ្នាំ២០២២រំពឹងនឹងកើន៥,៤ភាគរយឆ្នាំ ២០២៣កើនឡើង៦,៦ភាគរយ។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្រាស់៣៤ទំព័របានបង្ហាញថា ស្របគ្នានឹងការព្យាករសេដ្ឋកិច្ចឡើងវិញ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងបន្តនិន្នាការកើនឡើង ក្នុងអត្រា៥,៤ភាគរយក្នុងឆ្នាំ២០២២ ដែលបន្តគាំទ្រដោយភាពល្អប្រសើរ នៃតម្រូវការសកល ទោះបីជារងការប៉ះទង្គិច ពីការផ្ទះឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្ដី។

របាយការណ៍ដដែលបានបន្តថា ការផ្ទុះឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបង្កផលប៉ះពាល់ ដោយប្រយោលដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការកើនឡើងថ្លៃទំនិញគ្រប់ប្រភេទ ជាពិសេសប្រេងឥន្ធនៈ និងវត្ថុធាតុដើមកសិកម្ម រួមមានជី និងថ្នាំសម្លាប់សត្វល្អិតជាដើម ។ ទន្ទឹមនឹងនេះ ការកើនឡើងថ្លៃជារួម បានបង្កផលប៉ះពាល់ដល់សកម្មភាពចាយវាយ និងប្រើប្រាស់ក្នុងស្រុក ក៏ដូចជា ជីវភាពរស់នៅរបស់ប្រជាជន ។ យ៉ាងណាមិញ ផលប៉ះពាល់នៃសង្គ្រាមនេះ មកលើសេដ្ឋកិច្ចកម្ពុជា មានទំហំតូចប៉ុណ្ណោះ ដោយហេតុថា ទំនាក់ទំនងសេដ្ឋកិច្ចដោយផ្ទាល់ រវាងកម្ពុជាជាមួយនឹងប្រទេសជម្លោះទាំងពីរមានកម្រិតទាប។

ផលប៉ះពាល់នេះ ត្រូវបានប៉ះប៉ូវមកវិញមួយផ្នែកធំ តាមរយៈការសម្រេ​ចបាននូវអត្រាខ្ពស់ នៃការចាក់វ៉ាក់សាំងកូវីដ១៩ និងការបើកប្រទេសឡើងវិញ ដែលបានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុកចាប់ផ្ដើមវិលត្រ​លប់ទៅរកប្រក្រតីភាពវិញ។ រាជរដ្ឋាភិបាលក៏បាន និងកំពុងបន្តអនុវត្តវិធានការអន្តរាគមន៍ រួមមាន ការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ កម្មវិធីសាច់ប្រាក់ពលកម្ម និងការផ្ដលប្រាក់ឧបត្ថម្ភដល់កម្មការ និយោជិតក្នុងអំឡុងពេលព្យួរការងារជាដើម ដែលបានចូលរួមចំណែកទ្រទ្រង់ជីវភាពប្រជាជន និងសកម្មភាពអាជីវកម្ម និងចូលរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជារួម សម្រាប់ឆ្នាំ២០២២ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរបាយការណ៍ដដែលនេះបង្ហាញផងដែរថា សម្រាប់ឆ្នាំ២០២៣សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ ដោយសារការរំពឹងទុក នៃការបន្តនិន្នាការល្អប្រសើរ នៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន ។

ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីសា្ដរ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ ២០២៣ នឹងបន្តចូលរួមចំណែកសំខាន់ក្នុងការជំរុញ និងការបង្កើ​នតម្លៃបន្ថែមទៀត ដល់អនុវិស័យជំរុញកំណើន ដែលមានស្រាប់ ក៏ដូចជាលើកកម្ពស់អនុវិស័យសក្ដានុពល ដែលជាចន្ទល់កំណើនថ្មីរួមមានអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម៕

LEAVE A REPLY

Please enter your comment!
Please enter your name here