ប្រធានធនាគារ World Bank ព្រមានថា វិបត្តិសេដ្ឋកិច្ចពិភពលោកពិបាកនឹងជៀសផុតណាស់

ដោយៈសុខុម

អន្តរជាតិ: ប្រធានធនាគារពិភពលោក ឬ World Bank បានព្រមានថា សង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន អាចនឹងទាញពិភពលោកឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ខណៈចំណីអាហារ ថាមពល និងជីកសិកម្មហក់ឡើងថ្លៃស្រឺតៗ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា។

លោក David Malpass ប្រធានធនាគារពិភពលោកបានថ្លែងក្នុងវេទិកាធុរកិច្ចមួយរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី២៥ ខែឧសភា ថា “យើងពិបាកនឹងរកវិធីជៀសផុតពីវិបត្តិសេដ្ឋកិច្ចណាស់”។

លោកក៏បានលើកឡើងដែរថា ការបិទខ្ទប់ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលវីរុសកូវីដ-១៩ នៅក្នុងប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក កំពុងតែបន្ថែមការព្រួយបារម្ភ កាន់តែខ្លាំងអំពីសេដ្ឋកិច្ចដាំក្បាលចុះ។

ការអត្ថាធិប្បាយរបស់លោក គឺជាការព្រមានចុងក្រោយអំពីការកើនឡើងហានិភ័យ ដែលសេដ្ឋកិច្ចពិភពលោកទាំងមូល អាចនឹងដាំក្បាលចុះធ្ងន់ធ្ងរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក David Malpass បានលើកឡើងដោយមិនបានផ្តល់ការព្យាករជាក់លាក់ថា “បើក្រឡេកមើលទៅ GDP របស់ពិភពលោកឃើញថា ពេលនេះយើងលំបាក នឹងរកវិធីជៀសផុតពីវិបត្តិសេដ្ឋកិច្ចណាស់”។ លោកបានបន្ថែមថា “គ្រាន់តែគិតពីតម្លៃថាមពលហក់ឡើងទ្វេដង គឺគ្រប់គ្រាន់នឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចរួចទៅហើយ”។

កាលពីខែមុន ធនាគារពិភពលោកបានទម្លាក់ព្យាកររបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំនេះជិត១%ពេញមកនៅត្រឹម៣,២%៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here