ប្រទេសជប៉ុន កំពុងជួបវិបត្តិថ្លៃចំណាយជីវភាពរបស់ប្រជាជនហក់ឡើងខ្ពស់

ដោយសុខុម

តូក្យូ: ប្រទេសជប៉ុន ចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីសម្រាលវិបត្តិថ្លៃចំណាយជីវភាពរបស់ពលរដ្ឋដែលហក់ឡើងខ្ពស់ និងដើម្បីជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញពីវិបត្តិកូវីដ-១៩។

រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានថ្លែងបែបនេះ ខណៈពេលលោកធ្វើបទបង្ហាញនៅចំពោះមុខរដ្ឋសភាអំពីភាពចាំបាច់នៃតម្រូវការថវិកាបន្ថែម។

ក្រុមសមាជិកសភាបានចាប់ផ្តើមពិភាក្សាដេញដោលគ្នាកាលពីថ្ងៃពុធ ទី២៥ ខែឧសភា អំពីសំណើថវិកាបន្ថែមចំនួន២,៧ទ្រីលានយ៉េន (២១ពាន់លានដុល្លារអាមេរិក) ដើម្បីជួយដល់គ្រួសារពលរដ្ឋ និងក្រុមហ៊ុនតូចៗទប់ទល់នឹងការឡើងថ្លៃថាមពល និងចំណីអាហារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលមានផែនការចំណាយប្រាក់ចំនួន១,១៧ទ្រីលានយ៉េន (៩,១៨ពាន់លានដុល្លារអាមេរិក) ដែលដកចេញពីកញ្ចប់ថវិកាបន្ថែមនេះសម្រាប់ការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយសារប្រេងឡើងថ្លៃទូទាំងពិភពលោក។ ផែនការនេះនឹងរួមបញ្ចូលទាំងការឧបត្ថម្ភធនដល់អ្នកលក់សាំងបោះដុំផងដែរ។

លោក Shunichi Suzuki បានថ្លែងប្រាប់សភាជាន់ទាបថា “ភាពមិនច្បាស់លាស់អំពីទស្សនវិស័យសេដ្ឋកិច្ចកំពុងកើនឡើង ជាពិសេសដោយសារការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន បានធ្វើឱ្យមានអស្ថិរភាពតម្លៃប្រេងឆៅ និងទំនិញប្រើប្រាស់”។

លោកបានបន្ថែមទៀតថា “ភាពមិនច្បាស់លាស់នេះអាចបង្អង់ល្បឿនសេដ្ឋកិច្ចងើបឡើងវិញពីវិបត្តិកូវីដ-១៩”។

លោក Shunichi Suzuki បានលើកឡើងថា លោកនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុននានាដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតឱ្យសមស្របទៅនឹងស្ថានភាពទំនិញឡើងថ្លៃ និងដើម្បីជួយធានាឱ្យសេដ្ឋកិច្ចជប៉ុន ងើបឡើងវិញពីវិបត្តិកូវីដ-១៩៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here