ស្ថានទូតចិនៈ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងតែហុចផលប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចកម្ពុជា

ដោយៈ លក្ខិណា

ភ្នំពេញៈ កម្ពុជាបានចាប់ផ្ដើមអនុម័ត ឱ្យបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស នៅតាមតំបន់សក្ដានុពលនានាទូទាំងប្រទេស អស់រយៈជាងជិត២០ឆ្នាំមកហើយ ហើយមកដល់ពេលនេះ តំបន់សេដ្ឋកិច្ចពិសេសទាំងនោះក៏បាននិងកំពុងហុចផលប្រយោជន៍ ដល់សេដ្ឋកិច្ចនិងសក្ដានុពលវិនិយោគនានាដល់ប្រទេសកម្ពុជាផងដែរ។

ជាក់ស្ដែងការកសាងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុកំពុងតែជំរុញសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតចិន ប្រចាំកម្ពុជានៅល្ងាច ថ្ងៃទី២៤ ឧសភា ២០២២ បានឱ្យដឹងថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងរោងចក្រផលិតសំបកកង់ ដែលវិនិយោគដោយក្រុមហ៊ុនចិន JIANGSU GENERAL SCIENCE TECHNOLOGY CO.LTD កំពុងតែដំណើរការយ៉ាងរលូន ដែលគម្រោងនេះមានទុនវិនិយោគប្រមាណ៣០០លានដុល្លារអាមេរិក និងជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ។ បន្ទាប់ពីសាងសង់រួចគម្រោងនេះរំពឹងថា នឹងអាចផ្ដល់ឱកាសការងារ ដល់កម្មករបុគ្គលិកក្នុងប្រទេសកម្ពុជាប្រមាណ១៦០០នាក់ ។

លោក Chen Jiangang អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេ​សក្រុងព្រះសីហនុ មានប្រសាសន៍ថា ក្រៅពីគម្រោងរោងចក្រផលិតសំបកកង់រថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏មានគម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលកម្ដៅដែរ ដែលរោងចក្រនេះ នឹងផ្តល់ជាការធានាសម្រាប់សហគ្រាសធុនធ្ងន់អាចតាំងទីតាំងនៅទីនោះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការសាងសង់សួនឧស្សាហកម្ម ដំណាក់កាលទី១ត្រូវបានបញ្ចប់ ហើយការសាងសង់តំបន់ទ្រទ្រង់ទីក្រុង និងសួនឧស្សាហកម្មដំណាក់កាលទី២ ក៏កំពុងតែជំរុញជាបន្តបន្ទាប់”។ លោកបន្តថា “បច្ចុប្បន្ន សហគ្រាសចំនួន១៧០ ក្រុមហ៊ុនបានតាំងទីតាំង បានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជន ក្នុងស្រុកជិត៣ម៉ឺននាក់”។

នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសតាំងទីតាំងកើនឡើងដល់៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី៨ម៉ឺនដល់១០ម៉ឺននាក់។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងដែលមានលក្ខណៈសម្គាល់ នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលកសាងរួមគ្នាដោយចិននិងកម្ពុជា។

យោងតាមទិន្នន័យគយក្នុងប្រទេសកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២១ ទំហំនៃការនាំចូលនិងនាំចេញ សរុបរបស់សហគ្រាសក្នុងតំបន់សេដ្ឋ​កិច្ចពិសេសក្រុងព្រះសីហនុ កើនដល់២.២៣៤លានដុល្លារអាមេរិក កើនឡើង៤២,៧៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ត្រីមាសទី១នៃ២០២២ឆ្នាំនេះ ការនាំចូលនិងនាំចេញសរុបកើនដល់៧១០លានដុល្លារអាមេរិក កើនឡើង៥០,៧៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ តម្លៃទិន្នផលឧស្សាហកម្ម ក្នុងតំបន់ឧទ្យាន បានរួមចំណែកជាង៥០ភាគរយ ក្នុងសេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here