កិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ចំនួនពីរជាកម្លាំងជំរុញពាណិជ្ជកម្ម កម្ពុជា ចិន

ដោយៈ សុផារី

ភ្នំពេញៈ មន្ត្រីកម្ពុជាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ជាកម្លាំងជំរុញទំហំពាណិជ្ជកម្មកម្ពុជា-ចិន។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានវាយតម្លៃពី កំណើនពាណិជ្ជកម្មទ្វេភាគីថា មានការកើនឡើងគួរឱ្យកត់សម្គាល់ចំពោះ RCEP និង CCFTA ដែលកិច្ចព្រមព្រៀងទាំងពីរបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

លោកបានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរ បានផ្តល់ការជំរុញដ៏ធំមួយ ដល់កំណើនពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ ហើយយើងព្យាករណ៍ថា កំណើននឹងកើនឡើងខ្ពស់ នៅក្នុងប៉ុន្មានខែ និងឆ្នាំខាងមុខ”។លោកបន្ថែមថា “ប្រទេសចិនជាទីផ្សារដ៏ធំមួយ សម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់កសិផល ដ៏មានសក្តានុពលរបស់យើងដូចជាអង្ករ ចេក ស្វាយ និងដំឡូងមី ព្រមទាំងផលិតផលឧស្សាហកម្ម និងទំនិញកែច្នៃ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក សុវិជាតិ បានប្រសាសន៍ថា កិច្ចព្រមព្រៀងទាំងពីរ ក៏បានជួយកម្ពុជាក្នុងការធ្វើពិពិធកម្ម ការនាំចេញរបស់ខ្លួន និងធ្វើសមាហរណកម្មបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ កិច្ចព្រមព្រៀងទាំងពីរនេះ ក៏ជាកិច្ចអន្តរាគមទាន់ពេលវេលាល្អ ក្នុងការឈានទៅរកការបញ្ចប់ ជាប្រទេសមានការអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជា ដែលនឹងបញ្ចប់នៅឆ្នាំ២០២៨ និងការខិតខំប្រឹងប្រែង ដែលបានគ្រោងទុករបស់ប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៣០ និង២០៥០។

RCEP មានប្រទេសជាសមាជិកចំនួន១៥ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមាន ប្រទេសសមាជិកអាស៊ានចំនួន១០ ដូចជា ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួន៥ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

កតិកាសញ្ញាថ្នាក់តំបន់ដ៏ធំនេះ នឹងលុបចោលពន្ធរហូតដល់៩០ភាគរយ លើទំនិញដែលត្រូវបានជួញដូរ ក្នុងចំណោមប្រទេសហត្ថលេខីរបស់ខ្លួនក្នុងរយៈពេល២០ឆ្នាំខាងមុខ។

លោកសុវិជាតិបានបន្តថា ក្នុងនាមជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក RCEP បានបង្កើតទីផ្សារនៃប្រជាជន២,២ពាន់លាននាក់ ឬ ៣០ភាគរយ នៃចំនួនប្រជាជនពិភពលោក ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) រួមបញ្ចូលគ្នា ដែលតំណាងឱ្យប្រហែល៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបពិភពលោក។

លោក សុវិជាតិ បានមានប្រសាសន៍ថា “សម្រាប់ប្រទេសកម្ពុជា យើងរំពឹងថា នឹងឃើញកំណើនការនាំចេញ ក្នុងមួយឆ្នាំចន្លោះពី៩,៤% ទៅ១៨% ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ចន្លោះពី ២% ទៅ ៣,៨%”។

លោកបានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចាក់បញ្ចូលនូវថាមពលថ្មី ទៅក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរសម្រាប់រយៈពេលវែង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here