តើវិបត្តិអតិផរណានៅសហរដ្ឋអាមេរិក អាចបញ្ចប់សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន បានដែរឬទេ?

ដោយៈសុខុម

អាមេរិក: ខណៈការឡើងថ្លៃទំនិញរាប់ចាប់ពីឧស្ម័នហ្គាស រហូតដល់គ្រឿងទេស កំពុងបង្កការលំបាកដល់ពលរដ្ឋអាមេរិក អ្នកជំនាញមួយចំនួនបានមើលឃើញវិធានការដ៏ងាយស្រួលមួយ ដែលរដ្ឋាភិបាលអាមេរិក អាចអនុវត្តន៍បានដើម្បីបន្ធូរសម្ពាធនេះ នោះគឺការដកទណ្ឌកម្មពន្ធលើប្រទេសចិន ដែលដាក់ដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ។

អតិផរណា បានហក់ឡើងខ្ពស់ដល់ទៅ៨,៥%ក្នុងខែមីនា ដែលជាកម្រិតខ្ពស់បំផុត មិនធ្លាប់មាននៅសហរដ្ឋអាមេរិក ចាប់តាំងពី “វិបត្តិអតិផរណា” ដ៏អាក្រក់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញថា ការកើនឡើងអតិផរណានេះ បណ្ដាលមកពីកត្តាចម្រុះ ដែលកើតឡើងដំណាលគ្នាជាច្រើន រួមទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់ផងដែរ។ ទី១ ការធូរស្បើយពីវិបត្តិកូវីដ-១៩ ទីផ្សារការងារងើបឡើងវិញ តម្រូវការកម្លាំងពលកម្មខ្ពស់មិនធ្លាប់មាន និងការឡើងថ្លៃអចលនទ្រព្យ សុទ្ធតែបានរួមចំណែកធ្វើឱ្យតម្រូវការសរុប នៅសហរដ្ឋអាមេរិក កើនឡើងយ៉ាងរហ័ស។

ទន្ទឹមនេះ សង្គ្រាមរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន និងទណ្ឌ​កម្មដាក់លើរុស្ស៊ី ជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់ បានធ្វើឱ្យការផ្គត់ផ្គង់ធ្លាក់ចុះ ហើយជំរុញឱ្យថ្លៃថាមពល និងស្បៀងអាហារហក់ឡើងយ៉ាងគំហុក។ ហើយស្ថានភាពដ៏អាក្រក់នេះ កាន់តែធ្ងន់ធ្ងរឡើង ដោយសារការពន្យារពេលដោះស្រាយបណ្ដាលមកពីកូវីដ-១៩ គោលនយោបាយរូបិយវត្ថុធូររលុង និងហេដ្ឋារចនាសម្ព័ន្ធវ័យចាស់ទ្រុឌទ្រោម និងបញ្ហាផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មិនថាយ៉ាងណាក៏ដោយចុះ ការឡើងថ្លៃទំនិញបានធ្វើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ជួបទ្វេគ្រោះដែលពិបាកនឹងដោះស្រាយ។

ផ្អែកតាមសូចនាករបានចង្អុលបង្ហាញថា សេដ្ឋកិច្ចអាមេរិកនៅពេលនេះកំពុងរីកលូតលាស់ទៅមុខ ប៉ុន្តែទន្ទឹមនេះ ក៏កំពុងប្រឈមអតិផរណាកើនឡើងយ៉ាងរាលដាលផងដែរ។

ប្រធានាធិបតី ចូ បៃឌិន បាននិយាយកាលពីខែឧសភាបានថ្លែងថា លោកអាចដឹងពីការខកចិត្តរបស់ពលរដ្ឋអាមេរិក។ លោកដឹងយ៉ាងច្បាស់ថា លោកត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីដោះស្រាយវិបត្តិអតិផរណា ឱ្យបានមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកា បើមិនដូច្នោះទេ ក្រុមប្រជាធិបតេយ្យនឹងប្រឈមហានិភ័យ បាត់បង់អំណាចគ្រប់គ្រងនៅរដ្ឋសភា និងព្រឹទ្ធសភា។

ដូចនេះសំណួរចោទឡើងថា ហេតុអ្វីបានជាលោក ចូ បៃឌិន ដែលបានរិះគន់វិធានការពន្ធក្នុងសម័យលោក ដូណាល់ ត្រាំ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោក មិនចាប់យកឱកាសនេះដើម្បីបន្ធូរទាំងបញ្ហាពន្ធ និងអតិផរណា?៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here