មួយទសវត្សរ៍នៃដំណើការផ្សារមូលបត្រកម្ពុជា ត្រូវបានបង្ហាញ ក្នុងសន្និសីទរយៈពេលបីថ្ងៃ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ចប់សន្និសីទជាតិស្តីពីផ្សារមូលបត្រកម្ពុជា “មួយទសវត្សរ៍នៃការអភិវឌ្ឍផ្សារ មូលបត្រកម្ពុជា និង ដំណើរឆ្ពោះទៅមុខ ដែលមានអ្នកចូលរួមជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍ សមាគម ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជាបានចូលរួមក្នុងពិធីនេះ។

អង្គសន្និសីទនេះ បានសម្រេចនូវផ្លែផ្កាយ៉ាងច្រើន ដល់អ្នកពាក់ព័ន្ធ ដែលបានចូលរួម ពិសេស ការទទួលបានចំណេះដឹង ព័ត៌មាន ទិន្នន័យ និង និន្នាការនៃដំណើរវិវឌ្ឍទៅមុខ នៃវិស័យមូលបត្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា សន្និសីទជាតិដែលមានរយៈពេល៣ថ្ងៃ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការយល់ដឹងជាសាធារណៈអំពីផ្សារមូលបត្រ និងតួនាទីក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការធ្វើហិរញ្ញប្បទានមូលធនពីផ្សារមូលបត្រកម្ពុជា សម្រាប់វិស័យ ឯកជន និងផ្សព្វផ្សា​យសក្តានុពលវិនិយោគ នៅក្នុងវិស័យមូលបត្រកម្ពុជា ទៅកាន់វិនិយោគិន ទាំងក្នុងស្រុក និងបរទេស។

សន្និសីទនេះ ក៏បានផ្តល់ឱកាសផង ដល់សាធារណជន សហគ្រិន និងវិនិយោគិន ឱ្យបានយល់ជ្រួតជ្រាបបន្ថែម អំពីវឌ្ឍនភាពនានារបស់ផ្សារមូលបត្រកម្ពុជា ដែលអាចជាមូលដ្ឋាន ក្នុងការទាញអត្ថប្រយោជន៍ថ្មីៗ ពីសក្តានុពលរីកលូតលាស់ខ្លាំងឡើងនៃផ្សារមូលបត្រកម្ពុជា។

លោករដ្ឋលេខាធិការបានសម្តែងសុទិដ្ឋិនិយមថា កិច្ចពិភាក្សា និង ការផ្លាស់ប្តូរមតិគ្នាអំឡុងសន្និសីទនេះ បានជួយស្រាយបំភ្លឺ, ដោះគន្លឹះបញ្ហាសំខាន់ៗ ដែលបានរាំងស្ទះដល់ការអភិវឌ្ឍផ្សារមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានរកឃើញដំណោះស្រាយផ្សេងៗ ដើម្បីធ្វើការឆ្ពោះទៅមុខបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here