ក្រុមហ៊ុនលក់រាយធំបំផុតក្នុងពិភពលោក Walmart គ្រោងនាំចូលផលិតផលកម្ពុជាបន្ថែមទៅកាន់ទីផ្សារអាមេរិក

ដោយ៖ សុផារី

 

ទីក្រុងវ៉ាស៊ីនតោន៖ ក្រុម​ហ៊ុន Walmart ដែលជាក្រុមហ៊ុនលក់រាយធំបំផុតក្នុងពិភពលោក បានបង្ហាញចំណាប់អារម្មណ៍ លើការបោះទុនវិនិយោគ លើការនាំចូលផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិកបន្ថែមទៀត នាពេលខាងមុខ។

 

លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានបង្ហាញការអបអរសាទរ ចំពោះការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ របស់ប្រទេសកម្ពុជា និងបានបង្ហាញអំពីចំណាប់អារម្មណ៍ ក្នុងការនាំចូលផលិតផលរបស់កម្ពុជាបន្ថែមទៀត ដូចជា គ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិក ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ លោកស្រី ក៏មានបំណង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ការពង្រឹងភាពជាដៃគូក្នុងសកម្មភាពធុរកិច្ចនិងវិនិយោគ ដែលនឹងចូលរួមចំណែក ក្នុងការបង្កើតឱកាសការងារ សម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្រ្តី ការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

 

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍ ក្នុងការពង្រីកការធ្វើធុរកិច្ច នៅក្នុងប្រទេសកម្ពុជា។

 

លោកក៏បានជម្រាបអំពីសមិទ្ធផលថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជា ការចរចាបង្កើតទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបន្ថែម ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ ការកាត់បន្ថយនីតិវិធីនិងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួលយ៉ាងច្រើនដល់ការធ្វើធុរកិច្ចនិងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។

លោកក៏បានស្នើឱ្យក្រុមហ៊ុន Walmart ពិនិត្យលទ្ធភាពក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យ ដែលមានសក្តានុពលនានាបន្ថែមទៀត នៅកម្ពុជាផងដែរ និងបង្ហាញពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសហការ និងជួយសម្រួល ដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here