សឹង្ហបុរីគ្រោងចំណាយ ១០០ពាន់លានដុល្លារ សាងសង់ជញ្ជាំងការពារការជន់លិចដោយទឹកសមុទ្រ

ដោយៈសុខុម

សឹង្ហបុរី: អ្នកណាក៏ទទួលស្គាល់ដែរថា សិង្ហបុរី ជាប្រទេសអ្នកមាន។ ថ្វីដ្បិតជាប្រទេសដែនកោះ តូចមួយដែលមានផ្ទៃដីសរុបត្រឹមតែ៧៣៣,១គីឡូម៉ែត្រការ៉េ ជាមួយនឹងធនធានធម្មជាតិដ៏តិចតួច និងមានប្រជាជនជិត៥,៥លាននាក់ក្ដី ក៏ប្រទេសនេះបានវិវឌ្ឍខ្លួន ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោក និងជាខ្លារបស់អាស៊ី យ៉ាងអស្ចារ្យ ព្រោះវាជាកំពង់ផែដ៏មមាញឹកបំផុតមួយក្នុងពិភពលោក។

ទោះជាយ៉ាងណា ដោយការកើនឡើងកម្ដៅផែនដី ដែលបណ្ដាលឱ្យផ្ទាំងទឹកកក នៅតំបន់ប៉ូលរលាយឥតឈប់ឈរ និងដែលធ្វើឱ្យកម្រិតទឹកសមុទ្រហក់ឡើងមិនឈប់ បានធ្វើឱ្យប្រទេសនេះប្រឈម នឹងហានិភ័យដ៏គ្រោះថ្នាក់ នោះគឺផ្នែកខ្លះនៃប្រទេសនេះ នឹងត្រូវលិចទៅក្រោមផ្ទៃទឹកនៅថ្ងៃអនាគត។

ប្រឈមនិងដោះស្រាយចំពោះបញ្ហានេះ បានធ្វើឱ្យថ្នាក់ដឹកនាំប្រទេសនេះយកចិត្តទុកដាក់យ៉ាងខ្លាំង។
តួយ៉ាង នៅថ្ងៃទិវាជាតិក្នុងឆ្នាំ២០១៩ នាយករដ្ឋមន្ត្រី Lee Hsien Loong បានថ្លែងអំពីផែនការចំណាយ១០០ពាន់លានដុល្លារសិង្ហបុរី (៧២ពាន់លានដុល្លារអាមេរិក) នៅ៥០ឆ្នាំទៅ១០០ឆ្នាំខាងមុខសម្រាប់វិធានការពារសិង្ហបុរី ពីការកើនឡើងកម្រិតទឹកសមុទ្រ។

លោកបានគូសបញ្ជាក់ថា សរុបមក ការការពារសិង្ហបុរី ពីការកើនឡើងកម្រិតទឹកសមុទ្រគឺជាបញ្ហា “ស្លាប់រស់”។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៩ ខែឧសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែចាប់តាំងពីពេលនោះមក ការយកចិត្តទុកដាក់លើបញ្ហានេះបានថមថយបន្តិច នៅពេលមានបញ្ហាបន្ទាន់ជាងនេះ ដែលត្រូវដោះស្រាយជាអាទិភាពដូចជាវិបត្តិកូវីដ-១៩ ជាដើម។ ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងដើម្បីការពារតំបន់ឆ្នេរ នៃប្រទេសសិង្ហបុរី នៅបន្តមិនឈប់ឈរ។

មកទល់ពេលនេះ ភារកិច្ចដ៏ធំមួយនៅក្នុងការការពារផ្នែកខ្លះ នៃប្រទេ​សសិង្ហបុរី ពីការលិចទៅក្រោមផ្ទៃទឹក (ដែលអាចនឹងកើតឡើងនៅដំណាច់សតវត្សរ៍នេះ បើគ្មានវិធានការអ្វីសោះ) បានធ្លាក់ទៅលើក្រុមមន្ត្រីសាធារណៈមួយក្រុម ដែលមានសមាជិកជាង៤០នាក់ ចាប់តាំងពីនាយដ្ឋានការពារឆ្នេរសមុទ្រត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០។

ក្រុមការងារនេះបានចុះធ្វើការសិក្សាដោយផ្ទាល់នៅឆ្នេរ City-East Coast ដែលគ្របដណ្ដប់ឆ្នេរសមុទ្រប្រវែង៥,៨គីឡូម៉ែត្រ។ ការសិក្សាដែលត្រូវបានប្រកាសក្នុងឆ្នាំ២០២១ នេះត្រូវបានធ្វើឡើង ដើម្បីដាក់ចេញវិធានសមស្រប សម្រាប់ការការពារតំបន់ឆ្នេរ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥។

វិធានការ ការការពារតំបន់ឆ្នេរពីការលិចទៅក្រោមផ្ទៃទឹកនេះ រួមមានទាំងការសាងសង់ជញ្ជាំងថ្មតាមតំបន់ឆ្នេរផងដែរ៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here