ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រកាសលុបអាជ្ញាបណ្ណក្រុមហ៊ុនសេវាបញ្ញើឆាប់រហ័សអន្តរជាតិចំនួន២

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសលុបអាជ្ញាបណ្ណក្រុមហ៊ុនសេវាបញ្ញើ ឆាប់រហ័សអន្តរជាតិចំនួន២ក្រុមហ៊ុន គឺក្រុមហ៊ុន PHNOM PENH SORYA DEKCHUNCHOUN NAKDAMNOEUR CO., LTD. និងក្រុមហ៊ុន ALADDIN EXPRESS CO., LTD.។

តាមរយៈសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជូនដំណឹងថា នាពេលថ្មីៗនេះ ក្រសួងបានសម្រេចលុបអាជ្ញាបណ្ណ សេវាបញ្ញើឆាប់រហ័សអន្តរជាតិរបស់ក្រុមហ៊ុនចំនួន២ ដែលបានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្ម រួមមាន ក្រុមហ៊ុន PHNOM PENH SORYA DEKCHUNCHOUN NAKDAMNOEUR CO., LTD. និងក្រុមហ៊ុន ALADDIN EXPRESS CO., LTD.។

ក្នុងនោះដែរ ក្រសួងក៏បានណែនាំឱ្យប្រតិបត្តិករក្រុមហ៊ុន ទាំងពីរខាងលើ ឱ្យបំពេញកាតព្វកិច្ចទទួល ខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមាន ការតវ៉ាជាយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា កន្លងមកក្រសួងបានណែនាំដល់ប្រតិបត្តិករប្រៃសណីយ៍ទាំងអស់ ឱ្យគោរពតាមច្បាប់ស្ដីពីវិស័យប្រៃសណីយ៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក៏ប៉ុន្តែមានប្រតិបត្តិករមួយចំនួននៅតែមិនអនុវត្ត ឬអនុវត្តមិនទាន់បានពេញលេញស្របតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងសង្កត់ធ្ងន់ថា “ក្នុងករណី ប្រតិបត្តិករណានៅតែបន្តគេចវេសមិនអនុវត្តតាមច្បាប់ និងមិនគោរពលក្ខខណ្ឌនៃអាជ្ញាបណ្ណ ប្រតិបត្តិករ នោះនឹងត្រូវប្រឈម នឹងការព្យួរអាជ្ញាបណ្ណជាបណ្តោះអាសន្ន ឬលុបអាជ្ញាបណ្ណ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here