ដោយ៖ សុផារី
កំពត៖ កំពង់ទឹកជ្រៅកម្រិតអន្តរជាតិដ៏ធំនៅខេត្តកំពត បានបើកការដ្ឋានសាងសង់ជាផ្លូវការជាមួយទុនវិនិយោគ១.៥០០លានដុល្លារអាមេរិក កំពង់ផែនេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។
ពិធីបើកការដ្ឋានសាងសង់កំពង់ផែសមុទ្រទឹកជ្រៅកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ក្រោមអធិបតីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់។
កសាងលើផ្ទៃដី៦០០ហិកតា ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតកំពង់ផែនេះ ត្រូវបានគេប្រសិទ្ធនាមថា “មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត” វិនិយោគដោយក្រុមហ៊ុន “កំពត ឡូជីស្ទីក អេន ផត”។
គម្រោងវិនិយោគខ្នាតយក្សមួយនេះ មានផែនការអនុវត្តជា ៣ដំណាក់កាល ដែលគ្រោងនឹងបញ្ជប់ក្នុងរយៈពេល២ឆ្នាំកន្លះយ៉ាងយូរ និង អាចបង្កើតការងារបានប្រមាណជា១០០០០កន្លែង ជូនប្រជាពលរដ្ឋ។ នៅក្នុងផែនការដំណាក់កាលទី១ មានការចាយទុនប្រមាណ២០០លានដុល្លារអាមេរិក ។
គម្រោងនេះនឹងរួមបញ្ចូលនូវ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌលភស្តុភាកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ ព្រមទាំងចំណតនាវាគ្រប់ប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។
បន្ថែមពីលើនោះទីតាំងកំពង់ផែពហុបំណងនេះ មានជម្រៅទឹកប្រមាណ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០តោន អាចចូលចតបាន។ កំពង់ផែពហុបំណងនេះ នឹងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០TEU នៅក្នុងឆ្នាំ២០៣០។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែនេះថា ទីតាំងកំពង់ផែនេះ ជាទីតាំងស្ថិតនៅក្នុងតំបន់ដែលមានអំណោយផល ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស៕