ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានសន្យាជំរុញឱ្យក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ABC) ដែលមានក្រុមហ៊ុនលំដាប់ពិភពលោកធំៗជាច្រើន បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើបញ្ហាពាក់ព័ន្ធ នឹងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្ដោតលើចំណុចសំខាន់បី និងសន្យាជំរុញឱ្យក្រុមហ៊ុនវិនិយោគិនអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត។

នេះបើតាមជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ABC) ដឹកនាំដោយលោក Jack Myint នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ប្រចាំនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ អមដំណើរពីលោក Benjamin V. Wohlauer អនុ ប្រធានបេសកកម្មនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា និងគណៈប្រតិភូរបស់ក្រុមហ៊ុន Amazon ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Ford ក្រុមហ៊ុន Meta ក្រុមហ៊ុន Visa ក្រុមហ៊ុន Pernod Ricard និងក្រុមហ៊ុន RMA Group នៅថ្ងៃទី០៤ ខែឧសភានេះ។

តំណាងក្រុមហ៊ុនចូលរួមបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន លើបញ្ហាពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលផ្ដោតលើចំណុចសំខាន់បីរួមមាន ១) ការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងហានិភ័យខ្ពស់បង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ និងយានយន្តធំៗបើកបរ នៅពេលយប់ ២) ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សុវត្តិភាពចរាចរណ៍ និង ៣) សុវត្ថិភាព ចរាចរណ៍នៅតាមតំបន់ដែលមាននិស្សិតសិស្សឆ្លងកាត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកទាក់ទងនឹងការប្រើប្រាស់យានយន្តអគ្គិសនី តំណាងក្រុមហ៊ុនបានស្នើឱ្យក្រសួងពិនិត្យលទ្ធភាពបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីកំណត់ស្តង់ដារលើការប្រើប្រាស់រថយន្តថាមពលអគ្គិសនី ក៏ដូចជាស្ថានីយបញ្ចូលថាមពលអគ្គិសនីផងដែរ។

បន្ថែមពីលើនេះ តំណាងស្ថានទូតសហរដ្ឋអាមេរិក បានសន្យាជំរុញឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីផ្ទេរ ក៏ដូចជាចែករំលែកចំណេះដឹង និងបច្ចេក វិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ក្រសួងបាន នឹងកំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានដូចជា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ដើម្បីឈានទៅដល់ការពិចារណាលើការកំណត់អាយុអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹងសម្រាប់មនុស្សពេញវ័យ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោកក៏បានសន្យាជួយសម្របសម្រួលដល់ក្រុមហ៊ុនទាំងនោះដែលមានបំណងដាក់ទុនវិនិយោគនៅកម្ពុជា និងបានស្នើសុំការគាំទ្រលើការកសាងសមត្ថភាពរបស់មន្ត្រីរាជការក្រសួង ជាពិសេសមន្ត្រីជំនាញបច្ចេកទេសទាក់ទងនឹងភាព ជាអ្នកដឹកនាំ ក៏ដូចជាជំនាញបច្ចេកទេសផ្សេងៗ ដើម្បីជួយឱ្យពួកគាត់អាចបំពេញការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាពថែមទៀត

លោកក៏បានលើកឡើងអំពីសារសំខាន់នៃការរៀបចំប្រព័ន្ធស្វ័យ ប្រវត្តិកម្មផ្តល់សេវាសាធារណៈ ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណៈឱ្យស្របទៅនឹងបច្ចុប្បន្នភាពនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់៤.០ ឬហៅថា ឌីជីថលភាវូបនីយកម្ម (Digitalization) ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការប្រឡងយកបណ្ណបើកបរ និងប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរផងដែរ។

លោកទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ ដែលសម្រេចបានគម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគតដែលរួមមាន គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិនានា គម្រោងសិក្សាអំពីការធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់ឱ្យទៅជាផ្លូវដែកល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅកាន់ប្រទេសថៃ និងទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ឬសិក្សាប្រព័ន្ធផ្លូវដែកថ្មី គម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងដឹកជញ្ជូនតាមផ្លូវទឹកត្រង់ពីទន្លេបាសាក់ រាជធានីភ្នំពេញឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុទ្រខេត្តកែប ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here