ដោយ៖ លាងហួរ
ចិន៖ ទិន្នន័យផ្លូវការចុងក្រោយបានបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានការកើនឡើង ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះចូលជាធរមាននៅដើមឆ្នាំនេះ។
យោងតាមរដ្ឋបាលទូទៅនៃគយ (GAC)បានអោយដឹងថា ពាណិជ្ជកម្មរបស់ចិនជាមួយរដ្ឋសមាជិកចំនួន១៤ផ្សេងទៀត បានកើនឡើងចំនួន៦,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងទំហំ២,៨៦ពាន់ពាន់លានយ័ន (ប្រហែល៤៤៨,៦ពាន់លានដុល្លារអាមេរិក) នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ ដែលស្មើនឹង៣០,៤ភាគរយនៃតម្លៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ត្រូវគេជឿថា នឹងបង្កើតបរិយាកាសពាណិជ្ជកម្មកាន់តែអំណោយផលនៅក្នុងតំបន់ទាំងមូល។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដំបូងឡើយ បានចូលជាធរមានសម្រាប់សមាជិកចំនួន១០ប្រទេស នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បន្ទាប់មក កូរ៉េខាងត្បូងបានចូលជាធរមាន នៅថ្ងៃទី០២ ខែកុម្ភៈ និងម៉ាឡេស៊ីនៅថ្ងៃទី១៨ ខែមីនា។ រហូតមកដល់ពេលនេះ កិច្ចព្រមព្រៀងនេះមានសុពលភាពសម្រាប់សមាជិកចំនួន១២ ក្នុងចំណោមសមាជិកចំនួន១៥ ដែលបានចុះហត្ថលេខា៕