ដោយៈគង់ សូរិយា
ព្រះសីហនុៈ អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ លោកគួច ចំរើនបានជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ឋ ពន្លឿនការស្ថាបនាគំរោងអភិវឌ្ឍន៍សំខាន់ៗចំនួន១០ នៅក្នុងខេត្ត។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ត្រូវពន្លឿន ការសាងសង់ឱ្យបានលឿន មុនរដូវភ្លៀងចូលមកដល់ ដើម្បីធ្វើយ៉ាងណាការពារ កុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងត្រូវធ្វើតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។
គំរោងសំខាន់ៗទាំងនោះរួមមាន ១.លូរំដោះទឹកភ្លៀងពីអូរស្តេចមឹក តាមបណ្តោយផ្លូវលេខ៥០៧ ឆ្ពោះមកឆ្នេរអូរឈើទាល (សូមបញ្ជាក់ថាលូរំដោះទឹកភ្លៀងនេះ គឺប្រើដើម្បីរំដោះទឹកភ្លៀងនៅរដូវវស្សា ដោយចាប់យកទឹកភ្លៀងនៅកម្ពស់ទឹក១,២ម៉ែត្រគិតពីលើផ្ទៃទឹកធម្មតានៅរដូវប្រាំង)។ ២.ការដ្ឋានលូរំដោះទឹក តាមបណ្តោយផ្លូវលេខ៣០១ និងលូប្រអប់ផ្លូវលេខ៨១៨៨ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤។
៣.ការដ្ឋានលូប្រអប់មុខពីរកាត់ទទឹងផ្លូវ តាមបណ្តោយផ្លូវលេខ៨១៤៣។ ៤.ការដ្ឋានលូប្រអប់មុខពីរ តាមបណ្តោយផ្លូវលេខ៨០០។ ៥.ការដ្ឋានស្ពានភ្ជាប់ផ្លូវលេខ៨០៦ទៅផ្លូវ១០៤។ ៦.ការដ្ឋានផ្លូវលេខ២១០
។៧.ស្ពាន L.V។៨.ផ្លូវលេខ១០៤៦ ៩.ស្ពាន និងអូរប្រឡាយអង្គការម្លប់តាប៉ាង និង១០.ការដ្ឋានផ្លូវលេខ១២៦៣ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ៕