ដោយៈ សុធី
ភ្នំពេញៈ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានអះអាងថា ស្ថិតក្នុងបរិបទកូវីដ-១៩ វិស័យធនាគារក៏រងផលប៉ះពាល់មួយចំនួនដែរ ប៉ុន្ដែវិស័យនេះនៅតែអាចដំណើរការជាធម្មតា និងនៅតែបន្ដអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ បើទោះបីជាបច្ចុប្បន្នវិស័យនេះ កំពុងបន្ដប្រឈមនឹងឥទ្ធិពលនៃវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនក៏ដោយ។
បណ្ឌិតអ៉ិន ចាន់នីបានថ្លែងក្នុងកិច្ចប្រជុំលើកទី២ ស្ដីពី “ការលក់ចម្រុះកាន់តែឆ្លាតវៃ គ្រប់សេវាហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល”នាព្រឹកថ្ងៃទី២ ឧសភានេះថា វិស័យធនាគារ គឺជាឆ្លឹងខ្នងដ៏សំខាន់នៃវិស័យសេដ្ឋកិច្ច បើវិស័យធនាគារនៅកម្ពុជា មិនរឹងមាំ នោះសេដ្ឋកិច្ចកម្ពុជា ក៏មិនរឹងមាំដូចគ្នាដែរ។
ទោះបីនៅរយៈពេលជាង២ឆ្នាំមកនេះ សេដ្ឋកិច្ចមានជួបប្រឈមនឹងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយចុះ ប៉ុន្ដែសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុវិញ ត្រូវបានអ្នកជំនាញបញ្ជាក់ថា វាបានជាឱកាសសម្រាប់ការផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ទាក់ទងនឹងការប្រើប្រាស់សេវាធនាគារ ពោលគឺប្ដូរពីការប្រើប្រាស់សេវានៅតាមបញ្ជ ដោយងាកមកប្រើប្រាស់ប្រតិបត្តិការតាមបែបឌីជីថលវិញ ពិសេសការទូទាត់តែម្ដង។
លោកបណ្ឌិតអ៉ិន ចាន់នី អគ្គនាយកនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានកត់សម្គាល់ឃើញថា ចំនួននៃការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថល កាន់តែមានសន្ទុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដោយគិតមកទល់បច្ចុប្បន្ន ចំនួនអ្នកដែលមានគណនីធនាគារអេស៊ីលីដា មានប្រមាណ៣លានគណនី ខណៈអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថ លធនាគារអេស៊ីលីដាវិញមានរហូត២លាន៣សែន។
ជាមួយគ្នានេះ លោកបណ្ឌិតអ៉ិន ចាន់នី ក៏បានគូសសង្កត់ធ្ងន់ទៀតថា សន្ទុះកើនឡើង នៃការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ តាមបែបឌីជីថលនេះ គឺបានផ្ដើមឡើង ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩មក ពោលមានរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ៕