អឺរ៉ុបចំណាយប្រាក់ទិញថាមពលរុស្ស៊ីរហូតដល់ជាង ៤៦ពាន់លានដុល្លារគិតចាប់ពីពេលផ្ទុះសង្គ្រាមអ៊ុយក្រែន

ដោយៈសុខុម

អន្តរជាតិ: របាយការណ៍បង្ហាញថា ប្រាក់ចំណូលរបស់រុស្ស៊ីបានពីការនាំចេញឥន្ធនៈហ្វូស៊ីលទៅកាន់សហភាពអឺរ៉ុប បានហក់ឡើងយ៉ាងខ្លាំងគួរ ឱ្យភ្ញាក់ផ្អើល អំឡុងពេល២ខែដំបូងនៃសង្គ្រាមឈ្លានពានអ៊ុយក្រែន បើទោះ​បីជាអ្នកទិញខ្លះ បានគេចចេញពីថាមពលរុស្ស៊ី ហើយស្វែងរកអ្នកផ្គត់ផ្គង់ជំនួសក៏ដោយ។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (Centre for Research on Energy and Clean Air) ហៅកាត់ CREA បង្ហាញថា ការនាំចូលឥន្ធនៈហ្វូស៊ីលរុស្ស៊ី ពីសំណាក់បណ្ដាប្រទេសសភាពអឺរ៉ុប មានទំហំទឹកប្រាក់ រហូតដល់ទៅ៤៦,៣ពាន់លានដុល្លារអាមេរិក គិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដែលជាថ្ងៃរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន មកទល់នឹងថ្ងៃទី២៤ ខែមេសា។

លោក Lauri Myllyvirta អ្នកវិភាគជាន់ខ្ពស់នៅមជ្ឈមណ្ឌល CREA បានប្រាប់សារព័ត៌មាន CNN បាននិយាយថា ចំនួននេះគឺលើសទ្វេដង បើធៀបនឹងតម្លៃថាមពលរុស្ស៊ី ដែលបណ្ដាប្រទេសសហភាពអឺរ៉ុប បាននាំចូលក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

សហភាពអឺរ៉ុប គ្របដណ្ដប់ប្រមាណ៧០% នៃប្រាក់ចំណូលនាំចេញឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី នៅទូទាំងពិភពលោក ដែលមានចំនួន៦៦,៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២ខែមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃថាមពលបានហក់កើនឡើងកាលពីឆ្នាំមុន ខណៈប្រទេសនានាបានងើបឡើងពីការបិទខ្ទប់ ដែលបានជំរុញឱ្យតម្រូវការកើនឡើង។ ហើយសង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេង និងឧស្ម័នហក់ឡើងកាន់តែខ្ពស់។ ប្រទេសជាសមាជិកអង្គការប្រេង OPEC ក៏មិនបានបង្កើនផលិតកម្មតាមការសន្យា ដោយធ្វើឱ្យការផ្គត់ផ្គង់កាន់តែខ្វះថែមទៀត។

របាយការណ៍ស្ដីពីលទ្ធផលរកឃើញនេះ ត្រូវបានផ្សព្វផ្សាយ ស្របពេលអឺរ៉ុប ទទួលរងសម្ពាធកាន់តែខ្លាំងឡើង ឱ្យឈប់នាំចូលប្រេង និងឧស្ម័នរុស្ស៊ី ដើម្បីផ្ដាច់ដង្ហើមសេដ្ឋកិច្ចរបស់វិមានក្រឹមឡាំង ដើម្បីកុំឱ្យរុស្ស៊ីមានលុយធ្វើសង្រ្គាមនៅអ៊ុយក្រែនតទៅទៀត៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here