រដ្ឋាភិបាលរៀបចំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ឋ ហិរញ្ញវត្ថុសាធារណៈថ្មី

     ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកវង្សី វិស្សុត បានលើកឡើងក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃទី២៨ មេសានេះថា សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីនេះ មានលក្ខណៈជាក្របខណ្ឌគតិយុត្តគោល សម្រាប់គ្រប់គ្រងថវិកាព័ត៌មានសមិទ្ធកម្ម ដែលជាធាតុផ្សំដ៏សំខាន់នៃគណនេយ្យសមិទ្ធកម្ម ក៏ដូចជាការងារផ្សេងទៀតពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ ក្នុងយុគសម័យទំនើប។

នៅក្នុងកិច្ចដំណើរការនៃការកសាង សេចក្តីព្រាងច្បាប់នេះ មានការសិក្សាគ្រប់ជ្រុងជ្រោយ ដោយដកស្រង់នូវមេរៀន បទពិសោធន៍ និងឧត្តមានុវត្តជាអន្តរជាតិពីប្រទេសជាច្រើន ដូចជាបារាំង ថៃ ម៉ាឡស៊ីជាដើម ហើយច្របាច់បញ្ចូលទៅនឹងប្រព័ន្ធ និងបទពិសោធន៍នៃការអនុវត្តជាក់ស្តែងរបស់កម្ពុជា ដើម្បីធ្វើឲ្យសេចក្តីព្រាងនេះ មានលក្ខណៈរស់រវើក អាចឆ្លើយតបទៅបរិការណ៍របស់កម្ពុជាផង និងពិភពលោកផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់ គោលដ៏មានសារៈសំខាន់នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា មានភាពបត់បែន និងងាយស្រួលក្នុងការអនុវត្ត ស្របតាមបរិការណ៍កម្ពុជា សម្រាប់រយៈពេលវែងទៅមុខ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះឡើង ដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែម។

លោកវង្សី វិស្សុត បានបន្តថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការដ្ឋានយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍរយៈពេលវែង តាមរយៈការកសាងប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈមួយ ដែលមានភាពឆ្លើយតប ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាព ក្នុងការបែងចែក និងប្រើប្រាស់ធនធានសាធារណៈ ក៏ដូចជាការទ្រទ្រង់ កំណើនសេដ្ឋកិច្ច, រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសមធម៌សង្គម។

លោកបន្តថា ការងារនេះ ក៏នឹងរួមចំណែកក្នុងការកសាងភាពធន់របស់កម្ពុជា ក្នុងការទប់ទល់នឹងវិបត្តិផ្សេងៗ ដែលតែងតែកើតឡើងជារើយៗនៅថ្ងៃអនាគត។ ក្នុងខណៈដែលបច្ចុប្បន្ន, ពិភពលោក ក៏ដូចជាកម្ពុជា បាននិងកំពុងឆ្លងកាត់ក្នុងបរិការណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងអំពីភាពបន្ទាន់ និងចាំបាច់នៃការរៀបចំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលមានភាពរឹងមាំ និងភាពធន់កាន់តែខ្ពស់។

ក្នុងនាមជាប្រធានគណៈកម្មាធិការ ដឹកនាំការធ្វើវិសោធនកម្មច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ, លោក វង្សី វិស្សុត បានអះអាងថា សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីនេះ ជាការធ្វើទំនើបកម្មឈានទៅរកឧត្តមានុវត្តន៍ជាអន្តរជាតិ និងត្រូវបានរៀបចំកាត់តែងឡើង ស្របតាមទិសដៅកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា។

លោកបានបន្តថា យើងបានចំណាយពេលយ៉ាងច្រើន ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសិក្សាស្រាវជ្រាវពីនម្មានុវត្តន៍ របស់បណ្តាប្រទេសផ្សេងៗ ក្នុងនោះអំពីប្រព័ន្ធហិរញ្ញវត្ថុ របស់បារាំង ដោយបញ្ចូលគ្នាជាមួយមតិយោបល់ពីសំណាក់ក្រុមជំនាញការបារាំង និងជំនាញការមកពី IMF ក្នុងការរៀបចំ សេចក្តីព្រាងច្បាប់នេះ។

លោកក៏បានសង្កត់ធ្ងន់ថា ច្បាប់នេះត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់ដល់ការកែទម្រង់ និងអាចអនុវត្តបានស្របតាមបរិការណ៍កម្ពុជា ប្រកប​ដោយសុក្រឹត្យភាព នៅក្នុងរយៈពេលវែងទៅមុខ ហើយច្បាប់នេះក៏មិនមែនធ្វើឡើង ដើម្បីការពារសិទ្ធិអំណាចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអ្នករៀបចំនោះទេ តែក្នុងគោលដៅកសាងប្រព័ន្ធគ្រប់គ្រងហិញ្ញវត្ថុសាធារណៈមួយ ដែលមានលក្ខណៈរឹងមាំ និងភាពធន់ ក្នុងបរិការណ៍ដែលធនធានសាធារណៈកាន់តែកម្រ និងពិបាកស្វែងរក។

លោកក៏បានលើកឡើងផងដែរថា សេចក្តីព្រាងច្បាប់នេះ នឹងកំណត់អំពីគោលការណ៍ជាមូលដ្ឋាន សម្រាប់គ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងការរៀបចំច្បាប់ហិរញ្ញវត្ថុ ជាពិសេស ជំហាននីមួយៗនៃដំណើរការរៀបចំ អនុម័ត អនុវត្ត និងការត្រួតពិនិត្យលទ្ធផលថវិកា ព្រមទាំងការកំណត់មុខងារ និងការទទួលខុសត្រូវ របស់តួអង្គពាក់ព័ន្ធ ដើម្បីសម្រេចបាននូវភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម សំដៅធានាប្រសិទ្ធភាពនិងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here