ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហាញនូវមោទនភាព ចំពោះកំណើនយ៉ាងល្អប្រសើរនៃចំណូលពន្ធដារ និងការនាំចេញរបស់កម្ពុជា នៅរយៈពេល៤ខែដើម ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅរយៈពេល៤ខែដំបូងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រេចជាង៥៣ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២។
សម្តេចតេជោបានបញ្ជាក់ថា កំណើនចំណូលពន្ធ ដោយសារតែកម្ពុជាគ្រប់គ្រងបានយ៉ាងល្អនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម លើបញ្ហាកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “ចំណូលគិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ចំណូលពន្ធដារសម្រេចបាន៥៣ភាគរយរួចស្រេចទៅហើយ។ អញ្ចឹងគិតដាច់ខែនេះ យើងថា៥៣ភាគរយ។ យើងប្រើពេល៤ ខែ សម្រេច៥៣ភាគរយ”។
សម្តេចថ្លែងបន្តថា “ឆ្នាំទៅពន្ធដារសម្រេចលើសផែនការ រហូតដល់១២៤ភាគរយ។ ឆ្នាំនេះបើល្បឿននៃប្រាក់ចំណូល ដែលយើងប្រមូលបាន វានឹងអាចផ្តល់ឱកាសឱ្យយើងបន្ធូរបន្ថយភាពតានតឹង និងបង្កើននូវជំនួយឧបត្ថម្ភ សម្រាប់គាំទ្រ ដែលយើងកំពុងចាយមួយឆ្នាំមួយខែ៣០លានដុល្លារ ចិញ្ចឹមប្រជាពលរដ្ឋ៧០ម៉ឺនគ្រួសារ”។
បើតាមទិន្នន័យចុងក្រោយបង្អស់របស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធបានចំនួន ៥.១១៥,៤២ពាន់លានរៀល ស្មើនឹងប្រមាណជា ១ ២៦៣,០៧លានដុល្លារ ស្មើនឹង៤៤,៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២៕