ប្រទេសកម្ពុជានិងម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់ ដើម្បីពង្រឹងសហប្រតិបត្តិការទេសចរណ៍អន្តរជាតិ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ប្រទេសកម្ពុជា និងម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកម្រិតទេសចរណ៍អន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការទេសចរណ៍ពិភពលោក ព្រមទាំងដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីរ ក៏បានឯកភាពគ្នារៀបចំឱ្យមានជាសេចក្ដីព្រាងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ហើយត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង Air Service Agreement នាពេលខាងមុខដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

ការឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការនេះត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក Mohamed Jinah ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋម៉ាល់ឌីវ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរាជធានីបាងកក ប្រទេសថៃ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែមេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា សកម្មភាពសង្គមសេដ្ឋកិច្ច និងវិស័យទេសចរណ៍ក៏បានបើកឡើងវិញនៅក្នុងប្រក្រតីភាពថ្មី និងបន្តវិធានការសុវត្ថិភាពមួយចំនួនផងដែរ។ កម្ពុជាបានទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចហើយ ដោយតម្រូវឱ្យមានតែកាតចាក់វ៉ាក់សាំងមកបង្ហាញ គឺអាចចូលទស្សនានៅកម្ពុជាបាន ហើយអាចសុំទិដ្ឋាការនៅពេលមកដល់កម្ពុជា។

លោកបានបន្តថា ស្ថានភាពនេះ គឺមានតែកម្ពុជាទេ ដែលឈានមុខគេក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ហើយកន្លងមកក៏មានកំណើននូវចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជា និងកំណើនទេសចរណ៍ក្នុងស្រុកក៏មានការកើនឡើងផងដែរ ។

លោកមានប្រសាសន៍ថា “ក្រសួងក៏បានស្នើសុំ និងមានការឯកភាពគ្នាភាគីទាំងពីរនេះ គឺធ្វើយ៉ាងម៉េចយើងជំរុញឱ្យមានការហោះហើរទៅវិញទៅមក ទោះបីប្រទេសម៉ាល់ឌីវជាប្រទេសតូចមែន ប៉ុន្តែជាប្រទេសដែលសម្បូរទៅដោយកោះ អញ្ចឹងថ្ងៃក្រោយយើងអាចទៅសិក្សាយកបទពិសោធន៍ពីការអភិវឌ្ឍកោះរបស់ប្រទេសគាត់ មកធ្វើការអភិវឌ្ឍកោះនៅកម្ពុជា”។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រីទេសចរណ៍ ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ជាពិសេសអំឡុងពេលកូវីដ១៩នេះ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសង្កត់ធ្ងន់ថា ទោះបីកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលបានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ ដូចជាផ្លូវថ្នល់ជាច្រើនខ្សែនៅខេត្តសៀមរាប នៅខេត្តព្រះសីហនុ ដូច្នេះកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកភ្ញៀវទេសចរអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here