រដ្ឋាភិបាលកម្ពុជាដាក់ឲ្យអនុវត្តផ្លូវការនូវប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស

ដោយសហការី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានរៀបចំពិធីប្រកាសដាក់អនុវត្តជាផ្លូវការ ក្នុងនាមរាជរដ្ឋាភិបាលនូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System – GTAS) ដែលជាជំនួយហិរញ្ញប្បទានសហប្រតិបត្តិការនៃឧបករណ៍បច្ចេកវិទ្យាព័ត៌មានរបស់អង្គការគយពិភពលោក (World Customs Organization – WCO) ដើម្បីប្រើប្រាស់ក្នុងការទទួលទិន្នន័យព័ត៌មានអ្នកដំណើរជាមុន និងកំណត់ត្រាឈ្មោះអ្នកដំណើរ ពីក្រុមហ៊ុនអាកាសរណ៍ជាតិ និងអន្តរជាតិ ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា សម្រាប់វិភាគហានិភ័យអ្នកដំណើរតាមផ្លូវអាកាស។


កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសាលាជាតិគយ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅសាលាជាតិគយ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិ លោកបណ្ឌិត Kunio MIKURIYA អគ្គលេខាធិការអង្គការគយពិភពលោក និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដែលបានចូលរួមក្នុងពិធីនេះដោយផ្ទាល់ និងដោយប្រយោលតាមប្រព័ន្ធ Video Conference។

នៅក្នុងពិធីនេះ លោកបណ្ឌិត គុណ ញឹម បានលើកឡើងថា ក្នុងនាមជាមន្រ្តីជួរមុខនៅព្រំដែន រដ្ឋបាលគយនានានៅក្នុងពិភពលោក មានតួនាទីគ្រប់គ្រងចរាចរទំនិញ និងចូលរួមគ្រប់គ្រងរំហូរអ្នកដំណើរ។ ដោយហេតុផលនេះ ទើបអង្គការគយពិភពលោក ជំរុញការប្រើប្រាស់ព័ត៌មាន API/PNR ដើម្បីវិភាគហានិភ័យលើការធ្វើដំណើររបស់បុគ្គលដែលមានហានិភ័យខ្ពស់ ដែលស្របតាមសេចក្ដីសម្រេចជាបន្តបន្ទាប់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ឆ្លើយតបនឹងបរិការណ៍នេះ ការប្រកាសដាក់អនុវត្តជាផ្លូវការ នូវការប្រើប្រាស់ប្រព័ន្ធ GTAS គឺជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ស្របតាមកម្មវិធីសន្តិសុខរបស់អង្គការគយពិភពលោក និងស្មារតីនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបណ្តារដ្ឋជាសមាជិក ត្រូវសហការនិងពង្រឹងលើដំណើរការគ្រប់គ្រងសន្តិសុខអ្នកដំណើរតាមផ្លូវអាកាស នៅក្នុងប្រទេស តំបន់ និងពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការណ៍នេះ ក៏នឹងផ្តល់នូវផលប្រយោជន៍ជាច្រើនផងដែរ ដល់ការបង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនតាមបណ្ដាអាកាសយានដ្ឋានអន្តរជាតិ, លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មស្របច្បាប់ និងជំរុញរំហូរភ្ញៀវទេសចរណ៍ ដោយមិនតម្រូវឱ្យបន្ថែមបន្ទុកចំណាយថវិការដ្ឋ ដែលជាការចូលរួមគាំទ្រដល់ ផែនទីចង្អុលផ្លូវ (Roadmap) ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញពីពេលថ្មីៗកន្លងទៅ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាសនេះ គឺជាឧបករណ៍បច្ចេកវិទ្យាព័ត៌មាន មានភាពស៊ីចង្វាក់ទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ និងមានសមត្ថភាពទទួលយកទិន្នន័យអ្នកដំណើរតាមផ្លូវអាកាសជាមុន ពីក្រុមហ៊ុនអាកាសចរណ៍, ផ្ដល់ព័ត៌មានប្រព័ន្ធមួយសម្រាប់ទទួលព័ត៌មានអ្នកដំណើរជាមុន/កំណត់ត្រាឈ្មោះអ្នកដំណើរ ជូនអាជ្ញាធរមានសមត្ថកិច្ច ដោយទាញយកតាមរយៈថ្នាល CamDX ដើម្បីវិភាគហានិភ័យ និងប្រើប្រាស់តាមតួនាទីភារកិច្ចរៀងៗខ្លួន, តាមដានរំហូរព័ត៌មានអ្នកដំណើរ និងទំនិញរបស់អ្នកដំណើរ, ធ្វើសន្ធានកម្មទិន្នន័យជាមួយប្រព័ន្ធដទៃទៀត និងអភិវឌ្ឍមុខងារបន្ថែមតាមតម្រូវការប្រើប្រាស់។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្ញើសារកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអន្តរក្រសួង អនុវត្តប្រព័ន្ធថ្មីមួយនេះ រហូតសម្រេចបានលទ្ធផលការងារដោយជោគជ័យ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជា អាចប្រកាសដាក់អនុវត្តជាផ្លូវការនូវការប្រើប្រាស់ប្រព័ន្ធនេះឡើង។ បន្ថែមលើនេះ លោកបានផ្ដល់ការណែនាំដល់ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស បន្តសហការជាមួយវិស័យឯកជនពាក់ព័ន្ធ និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័នតាមការចាំបាច់ បន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់តាមសមត្ថកិច្ចរៀងៗខ្លួន ដើម្បីឈានទៅអនុវត្តពេញលេញនូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ដល់គ្រប់បណ្ដាក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិហោះហើរ ចេញ-ចូលកម្ពុជា ក្នុងឆមាសទី២ ឆ្នាំ២០២២។

សូមជម្រាបជូនថា ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ត្រូវបានបណ្តាប្រទេសមួយចំនួនទទួលយកពីអង្គការគយពិភពលោក និងដាក់ឲ្យអនុវត្តមានដូចជា៖ កម្ពុជា ម៉ាឌីវ (Maldives, Pakistan, Ugandan និងBermuda។ ដោយឡែក មានប្រទេសមួយចំនួនទៀត បានទទួលយកពីអង្គការគយពិភពលោក និងកំពុងរៀបចំដាក់ឲ្យអនុវត្ត មានដូចជា៖ Lao PDR ជាដើម។ ប្រព័ន្ធ GTAS ជាប្រព័ន្ធ Open Source ដែលពុំតម្រូវឲ្យមានការចំណាយលើការទិញកម្មវិធីប្រព័ន្ធ និងថ្លៃថែទាំប្រព័ន្ធនោះ (Free System Software and Maintenance Fee)។

សម្រាប់ប្រទេសកម្ពុជា គិតចាប់ពីបើកឲ្យដំណើរការក្នុងឆ្នាំ២០២០ រហូតត្រឹមបំណាច់ខែមីនា ឆ្នាំ២០២២ ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ) បានបន្តកិច្ចសហការជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិផ្សេងទៀត ដោយសម្រេចបានការតភ្ជាប់ប្រព័ន្ធ និងបញ្ជូនទិន្នន័យប្រព័ន្ធមួយសម្រាប់ទទួលព័ត៌មានអ្នកដំណើរជាមុន (API) មកកាន់ប្រព័ន្ធ GTAS បានចំនួន ១៣ក្រុមហ៊ុន ឬស្មើនឹងប្រមាណជាង ៧៧ភាគរយ នៃក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងមានសកម្មភាពហោះហើរចេញ-ចូលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here