ដោយៈ គង់ សូរិយា
កែបៈ ខេត្តកែបត្រៀមបង្ហាញឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងគំរោងអភិវឌ្ឍន៍លើកោះទន្សាយ ព្រមទាំងវិថីនិងរុក្ខវិថីជាច្រើនខ្សែ ដើម្បីបំរើទេសចរណ៍ជាតិ អន្តរជាតិ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ មេេសានេះ លោកប៉ែន សុផល អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពស្ដីពី គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលមានប្រវែង២,៧០០ម៉ែត្រ ទទឹង១០០ម៉ែត្រ និងទីតាំងមួយចំនួនទៀត ដែលរដ្ឋបាលខេត្ត បានស្នើរសុំចាក់ពង្រីកឆ្នេរមួយគម្រោងដែលមានផ្ទៃដីជាង៥ហិចតា និងបន្តចុះពិនិត្យតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព ចំនួន៣ទីតាំងបន្ថែមទៀត។
លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បញ្ជាក់ថា គម្រោងទាំងអស់ខាងលើ គឺជាគម្រោងបណ្តុំរដ្ឋបាលរបស់ខេត្ត ហើយគម្រោងទាំងនោះ នឹងផ្តល់ប្រយោជន៍ដល់វិស័យទេសចរណ៍ ក៏ដូចជា ផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ការបង្ក្រាបបទល្មើសនានា និងការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធវិស័យទេសចរណ៍ក្នុងខេត្ត។
លោកអភិបាលបន្តថា គម្រោងឆ្នេរខ្សាច់កំសាន្តប្រវែង ២,៧០០ម៉ែត្រ កំពុងអនុវត្តជាប្រក្រតី ហើយផ្លូវបេតុងចំនួន៥ខ្សែ ក្នុងនោះ វិថី២ខ្សែ និងអនុវិថី៣ខ្សែ ត្រូវបានកសាងរួចរាល់១០០% ហើយការចាក់ដីបំពេញ ក៏ស្ទើតែហើយ១០០%ដែរ និងកំពុងបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធ តាមគម្រោងដែលបានដាក់ចេញ៕