វិស័យសេវាកម្មកម្ពុជាត្រូវការទុនវិនិយោគជាង១៣ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយក្នុងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលរបស់ក្រសួងផែនការបានបង្ហាញថា វិស័យសេវាត្រូវការទឹកប្រាក់វិនិយោគ១៣.២២១លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤ ដោយជាមធ្យមក្នុងមួយឆ្នាំត្រូវការទឹកប្រាក់ជាង៤ពាន់លានដុល្លារអាមេរិក។

នៅក្នុងផែនការហិរញ្ញវត្ថុដដែលនេះឱ្យដឹងថា វិស័យសេវាដែលរួមមាន សណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវការទឹកប្រាក់វិនិយោគ២.៣២០លានដុល្លារអាមេរិក វិស័យពាណិជ្ជកម្មត្រូវការទឹកប្រាក់វិនិយោគ ១.៩៨១ពាន់លានដុល្លារអាមេរិក ដឹកជញ្ជូននិងគមនាគមន៍ត្រូវការទឹកប្រាក់វិនិយោគ៣.៦៣៨លានដុល្លារអាមេរិក អចលនវត្ថុនិងធុរកិច្ចត្រូវការទុនវិនិយោគ១.៥៧៩លានដុល្លារអាមេរិក ហិរញ្ញវត្ថុត្រូវការ៤៣៤លានដុល្លារអាមេរិក រដ្ឋបាលសាធារណៈត្រូវការទុន២.៥៨៩លានដុល្លារអាមេរិក។

ប្រភពដដែលនេះឱ្យដឹងថា វិស័យសេវាក្នុងឆ្នាំ២០២២នេះ ត្រូវការទុនវិនិយោគ៤.១៥៤លានដុល្លារអាមេរិក ឆ្នាំ២០២៣ ត្រូវការ ៤.៥៥៧លានដុល្លារអាមេរិក ឆ្នាំ២០២៤ ត្រូវការទុនវិនិយោគប្រមាណ ៤.៥១១លានដុល្លារអាមេរិក។

នៅក្នុងផែនការហិរញ្ញវត្ថុរបស់ក្រសួងផែនការ ក៏បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តការអនុវត្តគោលនយោបាយជំរុញកំណើន និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម ជាមួយនឹងការខិតខំប្រឹងប្រែងធានាឱ្យបាននូវប្រសិទ្ធផល និងប្រសិទ្ធភាពចំណាយ ជាពិសេសការចំណាយសម្រាប់កម្មវិធីកាត់បន្ថយភាពក្រីក្រ និងការផ្ដោតសំខាន់លើវិស័យអាទិភាពនានា ដូចជា វិស័យអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈវិស័យសុខាភិបាល វិស័យកសិកម្ម ក៏ដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងន័យនេះ ចំណាយថវិកាសរុបក្នុងឆ្នាំ ២០២១ត្រូវបានប៉ាន់ស្មានក្នុងរង្វង់៣០,៥ភាគរយ នៃផសស គឺកើនឡើង៣ភាគរយធៀបនឹងច្បាប់ឆ្នាំ២០២០។

ជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់ការគ្រប់ក្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តយន្តការចំនួន២ គឺ ក្របខ័ណ្ឌចំណូលចំណាយរយៈពេលមធ្យម និងផែនការយុទ្ធសាស្ត្រថវិកា ដើម្បីផ្ដល់ជាធាតុចូលក្នុងការរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ។

ទី១គឺ ក្របខ័ណ្ឌចំណាយសម្រាប់រយៈពេលមធ្យម ដែលព្យាករពីតួលេខចំណាយចរន្តសម្រាប់រយៈពេល៣ឆ្នាំខាងមុខ។ ការព្យាករនេះនឹងត្រូវធ្វើបច្ចុប្បន្នកម្មរៀងរាល់ឆ្នាំ ផ្អែកលើការវិភាគម៉ាក្រូសេដ្ឋកិច្ចពីលើចុះក្រោម ដោយមើលលើការអនុវត្តនៃសេដ្ឋកិច្ចគោលអាទិភាព និងព័ត៌មានបានពីស្ថាប័ន នានារបស់រាជរដ្ឋាភិបាល។

ទីពីរគឺ ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃថវិកាសម្រាប់រយៈពេល៣ឆ្នាំ ដែលអនុវត្តតាមអភិក្រមពីក្រោមទៅលើ។ ធាតុចូលសម្រាប់យកមកប្រើប្រាស់ក្នុងការវិភាគនេះ ផ្អែកលើព័ត៌មាន ដែលប្រមូលបានមកពីការផ្លាស់ប្តូរយោបល់ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័ននានារបស់រាជរដ្ឋាភិបាល និងព័ត៌មានស្ដីពីចំណាយ និងតម្រូវការរយៈពេល៣ឆ្នាំទៅមុខនៃស្ថាប័នទាំងនោះ។ ក្នុងការអនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តពង្រឹងភាពផ្សារភ្ជាប់គ្នានៃដំណើរការទាំងពីរ ដើម្បីកែលម្អការរៀបចំថវិកាប្រចាំឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here