វិភាគភាគហ៊ុនយ៉ាងណាដើម្បីវិនិយោគទទួលបានផលចំណេញលឿននិងរឹងមាំ?

ដោយ៖ សុផារី

ភ្នំពេញ៖ ដើម្បីទទួលបានចំណូលជាប្រចាំនិងរឹងមាំ វិនិយោគិនគប្បីចាប់ផ្តើមធ្វើការវិនិយោគឱ្យបានកាន់តែឆាប់កាន់តែល្អ ។ ទោះជាយ៉ាងណាក្តី ដើម្បីទទួលបានជោគជ័យ វិនិយោគិនគប្បីវិនិយោគជាមួយការប្រុងប្រយ័ត្នខ្ពស់ដោយត្រូវជ្រើសរើសវិនិយោគទៅលើភាគហ៊ុនណា ដែលថ្លៃអាចនឹងមានការកើនឡើងជាបន្តបន្ទាប់នាពេលអនាគត។

ផ្សារមូលបត្រកម្ពុជា (ផមក) បានឱ្យដឹងថា ហេតុដូច្នេះហើយទើបវិនិយោគិនចាំបាច់ត្រូវចេះវិភាគភាគហ៊ុន ដើម្បីជ្រើសរើសមកវិនិយោគឱ្យបានត្រឹមត្រូវ។

វិនិយោគិនអាចធ្លាប់បានឮអំពីការវិភាគ២ប្រភេទ ដែលគេតែងលើកឡើងជារឿយៗ គឺ ការវិភាគបែបមូលដ្ឋាន និងការវិភាគបែបបច្ចេកទេស។

ការវិភាគបែបមូលដ្ឋាន និងបែបបច្ចេកទេស គឺជាវិធីដែលត្រូវបានគេចាត់ទុកថាជាការវិភាគកំពូលទាំង២នៅក្នុងទីផ្សារហិរញ្ញវត្ថុ។ ការវិភាគបែបមូលដ្ឋានមើលទៅលើកត្តាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជះឥទ្ធិពលទៅលើអាជីវកម្មខ្ពស់ជាងគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកវិភាគបែបមូលដ្ឋានចាប់ផ្តើមជាមួយនឹងការវិភាគតម្លៃរបស់ក្រុមហ៊ុនតាមរយៈរបាយការណ៍ប្រាក់ចំណូល តារាងតុល្យការ និងលំហូរសាច់ប្រាក់។ វិធីសាស្ត្រនេះវាស់វែងតម្លៃខាងក្នុង (Intrinsic Value) របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន ជាជាងការព្យាករសម្រាប់ពេលអនាគត។ ភាគហ៊ុនណាដែល មានថ្លៃទីផ្សារទាបជាងតម្លៃខាងក្នុងរបស់ក្រុមហ៊ុនត្រូវបានចាត់ទុកថា ជាឱកាសមាសសម្រាប់វិនិយោគ។

ផ្ទុយមកវិញ ការវិភាគបែបបច្ចេកទេសផ្តោតទៅលើបម្រែបម្រួលថ្លៃភាគហ៊ុននាពេលកន្លងមកហើយប្រើប្រាស់ទិន្នន័យនោះ ដើម្បីទស្សន៍ទាយចលនាឡើងចុះថ្លៃនាពេលអនាគត។

ការវិភាគបែបបច្ចេកទេសមិនបានធ្វើការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែវិភាគទៅលើថ្លៃភាគហ៊ុនទៅវិញ ព្រោះវិធីសាស្ត្រនេះសន្និដ្ឋានថា ទិន្នន័យ និងព័ត៌មានដែលពាក់ព័ន្ធទាំងឡាយត្រូវបានឆ្លុះបញ្ចាំងដោយថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុននោះទៅហើយ។ ការវិភាគនេះផ្តោតទៅលើការវិភាគថ្លៃទាប និងខ្ពស់របស់ភាគហ៊ុន ហើយស្វែងរកតម្រុយ ដើម្បីចង្អុលបង្ហាញពីដំណើរថ្លៃភាគហ៊ុន។

ដើម្បីយល់ដឹងពីការវិភាគទាំង២ប្រភេទនេះ យើងត្រូវពិនិត្យមើលឱ្យបានស៊ីជម្រៅទៅលើលក្ខណៈរបស់ប្រភេទនៃការវិភាគនីមួយៗចំណុចខ្សោយ និងតិចនិកក្នុងការប្រើប្រាស់វិធីសាស្ត្រទាំង២នេះក្នុងពេលដំណាលគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here