អគ្គនាយកពន្ឋដាររកចំណូលបានជាង១២៦០លានដុល្លារអាមេរិក កើនឡើងជាង២២ភាគរយ

   ដោយៈលក្ខិណា

ភ្នំពេញៈ ចំណូលពន្ធផ្ទៃក្នុងរបស់កម្ពុជា ក្នុងឆ្នាំ២០២២នេះហាក់មានសន្ទុះល្អប្រសើរ និងលើសពីការរំពឹងទុក ដោយរយៈពេល៣ខែដំបូងពន្ធដាររកចំណូលបានរហូតដល់១២៦៣លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ៤៤,៨០ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុក្នុងមួយឆ្នាំ។

ចំណូលនេះកើនឡើងខ្ពស់ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានកំណើន២២,២៥ភាគរយ ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកពន្ធដារនៅល្ងាចថ្ងៃទី១៩មេសា២០២២នេះ ។

របាយការណ៍បង្ហាញថា ក្នុងខែមីនាឆ្នាំ ២០២២នេះ ចាត់ទុកជាប្រវត្តិសាស្ត្រមួយរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលអាចរកចំណូលបានរហូតដល់៧៥០,៧១លានដុល្លារអាមេរិក ឬប្រមាណ២៦,៦៣ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ធៀបនឹងខែមីនាឆ្នាំ២០២១កើនឡើងខ្ពស់មែនទែន  ខណៈខែមីនា២០២១កន្លងទៅមានចំនួន ១៣៥,១៤លានដុល្លារអាមេរិកប៉ុណ្ណោះ។

របាយការណ៍បង្ហាញផងដែរថា ក្នុងរយៈពេល៣ខែដំបូងនេះ ចំណូលពន្ធដារមានកំណើន ជិត២៣០លានដុល្លារអាមេរិក ឬស្មើនឹង២២,២៥ភាគរយ ដោយក្នុងរយៈពេល៣ខែនេះ ចំណូលពីប្រភេទសំខាន់ៗ៥បានរក្សាកំណើនគួរឱ្យកត់សម្គាល់រួមមាន ពន្ធលើប្រាក់ខែចំណូលមានចំនួន២,៧០ទ្រីលានរៀល អាករលើតម្លៃបន្ថែមមានចំនួន៧៧៤ពាន់លានរៀល អាករពិសេសមានចំនួន២៩៨,៤៧ពាន់លានរៀល ពន្ធលើប្រាក់បៀវត្សរ៍មានចំនួន៣១៥ពាន់លានរៀល និងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិអចលនទ្រព្យមានចំនួន ២២៦,៧៩ពាន់លានរៀល ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគង់ វិបុលអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា ស្ថានភាពនៃកម្មភាពសេដ្ឋកិច្ច ក្នុងឆ្នាំកន្លងមកនឹងបន្តជះឥទ្ធិពល មកលើការគ្រប់គ្រង ការប្រមូលចំណូលពន្ធក្នុងឆ្នាំបន្ទាប់ ជាពិសេសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។ ផ្ទុយទៅវិញទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់នៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២១យ៉ាងណាក្ដី លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលទ្ធផលល្អប្រសើរ ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងកោតសរសើរដល់អគ្គនាយកដ្ឋានពន្ធដារ ដែលសម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២២នេះ និងបានធ្វើឱ្យរដ្ឋាភិបាលមានលទ្ធភាព ក្នុងការចាត់ចំណាយចាំបាច់នានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here