ស្ថាប័នរដ្ឋនិងឯកជនគ្រោងផ្សព្វផ្សាយច្បាប់ការធ្វើអាជីវកម្មដល់ពាណិជ្ជករតាមបណ្តាខេត្តនៅសប្តាហ៍ក្រោយ

  ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៦ ខែមេសាខាងមុខនេះ នឹងសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រសួងពាណិ​ជ្ជកម្មនឹងរៀបចំសិក្ខាសាលាស្ដីពី ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយកំហុសឆ្គង ក្នុងការធ្វើអាជីវកម្ម និងកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ជាដើម។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ ដើម្បីឱ្យសមាជិក សមាជិកា របស់សភាពាណិជ្ជកម្មខេត្តនីមួយៗ ដែលជាម្ចាស់អាជីវកម្មបានយល់ដឹងឱ្យបានទូលំទូលាយ ក្នុងការយកទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍អាជីវកម្មឱ្យមានភាពរីកចម្រើន និងជៀសវាងមានហានិភ័យក្នុងបទប្បញ្ញត្តិច្បាប់ផ្សេងៗ។

លោកបន្តថា “ដោយសារច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ២០២១មក នៅមានសមាជិក សមាជិកា ពាណិជ្ជករ នៅតាមបណ្ដាខេត្តភាគច្រើនមិនទាន់បានយល់ដឹងនៅឡើយ”។លោកបន្តថា “ដូច្នេះហើយទើបសភាពាណិជ្ជកម្មកម្ពុជាគ្រោងរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ថ្មីនេះជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមខេត្តដែលមានការិយា​ល័យសភាពាណិជ្ជកម្ម បានយល់ដឹងកាន់តែទូលំទូលាយថែមទៀត ដើម្បីគៀងគរអ្នកវិនិយោគជាតិ អន្តរជាតិទៅវិនិយោគផ្ទាល់ដល់ខេត្ត”។

លោកឧកញ៉ាលឹម ហេង បានបន្ថែមថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែល្អប្រសើរ លោកស្នើសុំឲ្យអាជីវករ ក៏ដូចជាសមាជិកក្រុមហ៊ុនទាំងអស់ ចង់ទទួលបានព័ត៌មាន គឺអាចចូលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទទួលចាប់ដៃគូវិនិយោគ ក៏ដូចជាផ្សព្វផ្សាយអ្នកវិនិយោគតាមបណ្តាខេត្ត ខណៈដែលសភាពាណិជ្ជកម្មកម្ពុជា បានបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅក្រៅប្រទេសទៀតហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ដូច្នេះនេះជាការអំពាវនាវដល់អាជីវករ ពាណិជ្ជករ ក៏ដូចជាអាជីវករខ្មែរនៅក្រៅប្រទេសផងដែរ ដែលមានបំណងចង់ចូលរួមគឺអាចធ្វើការចុះឈ្មោះ ដើម្បីចូលរួមនៅតាមតំណាងការិយាល័យ សភាពាណិជ្ជកម្មនៅក្រៅប្រទេស ដូចជានៅជប៉ុនជាដើម ហើយប៉ុន្មានខែខាងមុខទៀតសភាពាណិជ្ជកម្ម នឹងបន្ថែមទៀតនៅប្រទេសកាណាដា និងប្រទេសបន្តបន្ទាប់ផ្សេងទៀតទៀត។

សិក្ខាសាលាស្ដីពី “ការយល់ដឹងពីការធ្វើអាជីវកម្ម របស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់” នឹងប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តាខេត្ត១៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here