ការនាំអង្ករកម្ពុជាទៅកាន់ប្រទេសចិនកើនជិត១១ភាគរយ ខណៈទំហំកម្ពុជាជាមួយថៃ កើនឡើងព្រមគ្នា

 

        ដោយៈម៉ាលីនណា

        ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជា ចិន និងជាមួយប្រទេសថៃ សុទ្ឋតែមានសញ្ញាវិជ្ជមាន ដោយទំហំនាំចេញអង្ករទៅកាន់ប្រទេសចិនសម្រេចបានទំហំជាង៨៨,០០០តោន។

យោងតាមរបាយការណ៍របស់ក្តសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា អង្ករកម្ពុជាជាង៨.៨ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដែលស្មើនឹង៥២%នៃការនាំចេញសរុប។ ប្រទេសចិន នៅតែជាទីផ្សារនាំចេញអង្ករធំបំផុតសម្រាប់កម្ពុជា។

ទិន្នន័យដដែលបានបង្ហាញថា រយៈពេលបីខែដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករ ប្រមាណ១៧ម៉ឺនតោនទៅកាន់ប្រទេស និងតំបន់ចំនួន៤៧ ដែលមានកំណើន១០.៩៦ភាគរយ បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ចំនួន ១.‌៣៦ពាន់លានដុល្លារ គិតត្រឹមខែមករា និងខែកុម្ភៈ ឆ្នាំ ២០២២នេះ ពោលគឺកើនឡើង៥% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ១.២៩ពាន់លានដុល្លារ។

យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃ មានចំនួនជាង ២៣២លានដុល្លារ ចំណែកថៃនាំចូលមកកម្ពុជាវិញ មានទឹកប្រាក់១.១២ ពាន់លានដុល្លារអាមេរិក។

ចំពោះផលិតផលកសិកម្ម វត្ថុធាតុដើម និងវាយនភណ្ឌ ត្បូងថ្មមានតម្លៃ ជាប្រភេទទំនិញភាគច្រើន ដែលថៃបានទិញពីកម្ពុជា ខណៈលក់មកឲ្យកម្ពុជាវិញនូវផលិតសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់តិ៍ គ្រឿងសំអាង ឧបករណ៍អេឡិចត្រូនិក គ្រឿងតុបតែងផ្ទះ រថយន្ដ និងគ្រឿងបន្លាស់ ព្រមទាំងសំភារៈការិយាល័យ និងបរិក្ខាសំណង់ ជាដើម។

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននិងកំពុងខិតខំធ្វើយ៉ាងណាជំរុញ ឲ្យផលិតផលរបស់កម្ពុជា នាំចេញទៅកាន់ប្រទេសថៃកាន់តែច្រើន៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here