ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុអាស៊ានពិភាក្សារកដំណោះស្រាយលើផលប៉ះពាល់ពីវិបត្តិលោកធំៗទាំងពីរ

ដោយៈសុផារី

ភ្នំពេញៈ ថ្នាក់ដឹកនាំនៃក្រសួងហិរញ្ញវត្ថុ ធនាគារកណ្តាលអាស៊ាន ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន បានជួបពិភាក្សា និងចែករំលែកនូវយុទ្ធសាស្ត្រ ក្នុងការគ្រប់គ្រងបញ្ហាប្រឈមនានា ទាក់ទងនឹងផលប៉ះពាល់សេសសល់ ពីវិបត្តិជំងឺកូដ-១៩ ព្រមទាំងហានិភ័យ និងបញ្ហាប្រឈមបណ្ដាលសង្គ្រាមនៅតំបន់អឺរ៉ុបខាងកើត។

នៅក្នុងសន្និសីទជាន់ខ្ពស់ (High-Level Conference) ក្រោមប្រធានបទ “ហិរញ្ញប្បទានប្រកបដោយចីរភាព ការកៀរគរហិរញ្ញប្បទាន សម្រាប់ការស្ដារសដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩” ត្រូវបានរៀបចំនៅថ្ងៃទី៧ ខែមេសា ដែលជាវេទិកាមួយដ៏មានសារៈសំខាន់ សម្រាប់ឆ្ពោះទៅវេទិកាពិភាក្សា ជាសកលអាស៊ានលើកទី២ ដែលគ្រោងនឹងរៀបចំជាបន្ទាប់ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំ២០២២ ខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមេសានេះបានឱ្យដឹងថា ស្របពេលបណ្តាប្រទេសជាច្រើនក្នុងតំបន់ ប្រឈមនឹងការកើនឡើងតម្រូវការចំណាយ ការពង្រឹងអភិ​បាលកិច្ចចំណាយសាធារណៈ ជាគន្លឹះនៃការគ្រប់គ្រងឱ្យបានល្អប្រសើរនូវស្ថានភាពហិរញ្ញវត្ថុសាធារណៈ ខណៈដែលការបង្កើនចំណូល បន្ថែមតាមរយៈការពង្រឹងគុណភាពគោលនយោបាយពន្ធ ការពង្រីកមូលដ្ឋានយកពន្ធ និងការពង្រឹងប្រសិទ្ធភាពនៃរដ្ឋបាលពន្ធ គឺជាកិច្ចការអាទិភាពចាំបាច់បំផុត ដើម្បីធានាចីរភាពសារពើពន្ធ។

លោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសឥណ្ឌូនេស៊ី បានចែករំលែកនូវបទពិសោធន៍សំខាន់ៗ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការដោះស្រាយនូវបញ្ហាចំពោះមុខនានា ដូចជា ការកើនឡើងនូវតម្រូវការចំណាយ ការធ្លាក់ចុះចំណូលរដ្ឋ និងការធានាបាននិរន្តរភាព និងចីរភាពនៃការជំរុញការស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសសិង្ហបុរី ក៏បានផ្តោតលើសារៈសំខាន់នៃការប្រមូលចំណូលពន្ធ ប្រកបដោយភាព សមធម៌ និងមានចរិតកើនឡើងស្របតាមកាំប្រាក់ចំណូល ឬមូលដ្ឋានយកពន្ធជាក់ស្តែង (Fair and Progressive tax collection) ការអនុវត្តវិធានការសារពើពន្ធ ក្នុងការដោះស្រាយនូវផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនេះ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងធនាគារពិភពលោក បានសង្កត់ធ្ងន់លើការបង្កើនហិរញ្ញប្បទាន ប្រកបដោយចីរភាព និង ការអភិវឌ្ឍបៃតង ដើម្បីជំរុញនិរន្តរភាព និងបរិយាប័ន្ននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ាន។ តួយ៉ាង ដើម្បីបំពេញនូវកង្វះខាតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង បណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវបានជំរុញឱ្យអាចប្រើប្រាស់ឧបករណ៍ហិរញ្ញប្បទានបៃតង (Green Catalytic Financing Facility) ដើម្បីទទួលបានហិរញ្ញប្បទាន សម្រាប់ការជំរុញចីរភាពបរិស្ថាន ដែលនឹងរួមចំណែ​កកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងគាំទ្រការស្តារបៃតងនៃប្រទេ​សអាស៊ាន។

លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្នបានចែករំលែកបទពិសោធន៍កម្ពុជា លើការអនុវត្តគោលនយោបាយសារពើពន្ធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេល២ឆ្នាំកន្លងមក កម្ពុជាបានផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងប្រសិទ្ធភាពថវិកា ទាំងកម្រិតវិភាជ និងប្រតិបត្តិការ ការកែលម្អរដ្ឋបាលពន្ធ និងធ្វើវិចារណកម្មគោលនយោបាយពន្ធ និងការពង្រឹងការធ្វើពិពិធកម្មមូលដ្ឋាននៃការប្រមូលចំណូល ដើម្បីធានាឱ្យបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ។

លោកបានបន្តថា “ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យត្រល​ប់ទៅគន្លងនូវកំណើនសក្តានុពល កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព ដើម្បីពង្រឹងភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម”។

លោកបណ្ឌិតក៏បានផ្តោតសំខាន់ លើការស្វែងរកដំណោះស្រាយប្រកបដោយភាពប្រាកដនិយម និងការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសារពើពន្ធ និងស្វែងរកគំនិតផ្តួចផ្តើមហិរញ្ញប្បទានបៃតង ដើម្បីស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ប្រកបដោយបរិយាប័ន្ន និងចីរភាព ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ កាន់តែស្និតរមួតរវាងប្រទេសសមាជិក និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here