ដោយៈ សុផារី
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យព្រះអង្គម្ចាស់ ហ្វាសាស់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត ជំរុញកិច្ចសហប្រតិបត្តិការលើរាល់វិស័យសក្តានុពល ដែលប្រទេសទាំងពីរមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ដោយរៀបចំផែនការសកម្មភាព និងអនុវត្តន៍បានជោគជ័យ។
សម្តេចតេជោបានស្នើបែបនេះ ទៅកាន់ព្រះអង្គម្ចាស់ ហ្វាសាស់ ប៊ីន ហ្វាហាន់ អាល់ សូដ ដែលត្រូវបានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី១៨ ខែមីនា ២០២២នេះ នៅវិមានសន្តិភាព។
ព្រះអង្គម្ចាស់ ហ្វាសាស់ បានគោរពជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺតាមការណែនាំ របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ដើម្បីពង្រីកចំណងមិត្តភាព រវាងប្រទេសទាំងពីរផង និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផង។
ព្រះអង្គម្ចាស់ ហ្វាសាស់ បានមានបន្ទូលថា កម្ពុជា-អារ៉ាប៊ីសាអូឌីតមានសក្ដានុពលច្រើន សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ដូចជា វិស័យទេសចរណ៍ បច្ចេកវិទ្យាថាមពល អប់រំ វប្បធម៌ និង កសិកម្ម។ល។ ក្នុងន័យនេះ ព្រះអង្គម្ចាស់បានសុំការណែនាំ ពីសម្ដេចតេជោ ហ៊ុន សែន សម្រាប់កិច្ចសហប្រតិបត្តិការនេះ។
សម្ដេចតេជោ ក៏បានលើកទឹកចិត្តឲ្យព្រះអង្គម្ចាស់ ហ្វាសាស់ ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់វិស័យដែលមានសក្តានុពល ដែលប្រទេសទាំងពីរមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម រៀបចំផែនការសកម្មភាព និងអនុវត្តឲ្យបានជោគជ័យ៕